ដោយ៖ប្រសិទ្ធ
ភ្នំពេញ៖រោងចក្រផលិត ផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗដែលធំដំបូងគេបង្អស់នៅកម្ពុជា បានសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។
ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធរោងចក្រដ៏ធំនៅកម្ពុជារបស់ខ្លួន បន្ទាប់ពីបានទទួលគោលការណ៍អនុញ្ញាតឱ្យវិនិយោគបង្កើតរោងចក្រផលិត ផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗ ធ្វើពីលោហៈនិងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ ការសម្ពោធនេះក៏មានការ
អញ្ជើញចូលរួមពី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ (ក.អ.ក), អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, តំណាងក្រុមហ៊ុន Metal Jewelry Cambodia, ភ្ញៀវកិត្តិយស និងកម្មករ កម្មការិនី ជាច្រើនរូបទៀត។
ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Metal Jewelry Cambodia នៅកម្ពុជា ជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារ ដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍ ឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។
ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Metal Jewelry Cambodia គឺក្រុមហ៊ុន International Metal and Jewelry Co., Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ផលិតគ្រឿងអលង្ការនិងគ្រឿងលម្អ ដែលជាម៉ាកល្បី និងប្រណិតរបស់បារាំង (French Luxury Group)។ ក្រុមហ៊ុននេះបានគិតគូរយ៉ាងល្អិតល្អន់ និងម៉ត់ចត់បំផុត មុននឹងសម្រេចចិត្តវិនិយោគនៅកម្ពុជា និងដោយទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលក្នុងការវិនិយោគផងដែរ។ ក្នុងនោះបានទទួលនូវកិច្ចសម្រួលនីតិវិធីរដ្ឋបាល ដែលមានភាពរហ័ស និងងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលអាចជួយឱ្យប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សម្រេចបាននូវប្រសិទ្ធផល និងប្រាក់ចំណេញខ្ពស់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Metal Jewelry Cambodia បានវិនិយោគទឹកប្រាក់ប្រមាណ ៩លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃគ្រឿងអលង្ការ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឡើងវិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ បន្ទាប់ពីបានផ្អាកមួយរយៈពេលធំ៕