សន្ដិសុខសង្គម

កម្លាំងនគរបាលស្រុកតាំងគោក ទើបទៅបំបែកទីតាំងជល់មាន់ខុសច្បាប់ នៅក្នុងព្រៃចន្ទី

ដោយ :.បន្ទាយ
កំពង់ធំ÷កម្លាំងនគរបាលស្រុកតាំងគោកខេត្តកំពង់ធំ ទើបបានទៅបង្ក្រាបទីតាំងល្បែងជល់មាន់ខុសច្បាប់ ដែលមានទីតាំងក្នុងតំបន់ព្រៃចន្ទីកាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទី ។

ឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ថ្ងៃទី១០ខែវិច្ឆិកាថា :កិច្ចប្រតិបត្តិការនេះដោយកម្លាំងនគរបាលស្រុកតាំងគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សន តាល់។
ក្រុមប្រតិបត្តិការបានចូលបង្ក្រាបទីតាំងជល់មាន់ ខុសច្បាប់នៅចំណុចក្នុងព្រៃចំការស្វាយចន្ទី តំបន់អូរក្បាលហុង ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងប្រមាណ ២០ ម៉ូតូម៉ាកហុងដាឌ្រីមនិងមាន់ជល់ចំនួន៥ក្បាល រួមជាមួយសម្ភារៈផ្សេងៗទៀត។ សម្រាប់អ្នកដែលចូលរួមល្បែងស៊ីសងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ចកំពុងសហការសម្រាប់ចាត់ការតាមនីតិវិធីបន្ត។


នេះក៏ជាការអនុវត្តបទបញ្ជាររបស់លោកនួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ធំនិងស្របតាមថ្នាក់លើណែនាំ ក៏ដូជាតាមការផ្តល់ព័ត៌មាននិងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕.