ដោយ : បន្ទាយ
ឧត្តរមានជ័យ : រដ្ឋបាលខេត្តឧត្តរមានជ័យក៏ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងខួបលើកទី៧១នៃការបង្កើតកងយោធពលខេមរភូមិន្ទ។ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដូចខេត្តរាជធានីដទៃទៀតដែរ ដោយធ្វើចំថ្ងៃទី០៩ខែវិច្ឆិកា តែម្តងនាឆ្នាំ២០២៤ នេះ ។
លោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្ត្រនិងមន្ត្រីក្រុមការងារចុះជួយនិងមន្ត្រីអាជ្ញាធរដែនដី មន្ទីរ អង្គភាព បញ្ជាការដ្ឋាន ស្នងការដ្ឋាន និងផ្នែកពាក់ព័ន្អបានដឹកនាំនិងចូលរួមពិធីនោះ ដែលស្ថិតនៅវិមានឯករាជ្យ មុខសាលាខេត្ត និងជាប់នឹងបឹងស្នោរ កណ្តាលក្រុងសំរោងឬទីរួមខេត្ត។
ក្នុងកម្មវិធីនេះ ក៏មានការនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសមហាព្រះរាជកុសល ថ្វាយសម្តេចព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានការដាក់កម្រងផ្កាតាមមន្ទីរ អង្គភាព ជុំវិញខេត្ត ការអានព្រះរាជជីវប្រវត្តិសង្ខេបនិងព្រះរាជបូជនីយកិច្ច និងស្នាព្រហស្ថរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុដែលដឹកនាំតស៊ូទាមទារឯករាជ្យ។
និងក៏មានការលែងសត្វព្រាប និងបង្ហោះប៉ោងៗ ជានិមិត្តរូបបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍផងដែរ ។
ព្រមទាំងចែកអំណោយដល់យាយជី តាជីនិងសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យផងដែរ ៕