ដោយ៖ គង់ហេង
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៩ វិច្ឆិកានេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសារទរខួបអនុស្សាវស្សារីយ៍លើកទី៧១ ( ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៤) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។
ទិវាដ៏ប្រវត្តិសាស្រ្តនេះបានប្រារព្ធនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូល ពីសំណាក់ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ៖ទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៧១ ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណ ជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែង។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ យើងខ្ញុំទាំងអស់គ្នា ជាប្រជារាស្ត្រខ្មែរ តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។
ឯកឧត្តមបានបន្តថា៖ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឱ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយមដែលជាស្នាព្រះហស្ថដ៏មានតម្លៃ ពុំឤចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍សម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះជារៀងរហូតមក៕