សេដ្ឋកិច្ច

អេស៊ីលីដា៖ការប្រកបអាជីវកម្មរីកចម្រើនយើងមិនត្រូវភ្លេចកិច្ចការសង្គមទេ

ភ្នំពេញ៖« ការប្រកបអាជីវកម្មរីកចម្រើនយើងមិនត្រូវភ្លេចកិច្ចការសង្គមទេ។យើងរីកចម្រើនទៅបានលុះត្រាតែមានការចូលរួមគាំទ្រពីសង្គម។អ៊ីចឹងពេលដែលយើងតបស្នងអ្វីទៅសង្គម សង្គមនឹងជួយគាំទ្រយើងវិញ។ដូចទស្សនៈធនាគារអេស៊ីលីដាអីចឹងយើងធ្វើអ្វីមួយក៏ដោយត្រូវគិតពីសង្គម»។

លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចទទួលបន្ទុកផ្នែកធនធានមនុស្សនិងរដ្ឋបាលនៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាព្រឹកថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៤។
ធនាគារអេស៊ីលីដាភីអិលស៊ី សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងបុគ្គលិកប្រមាណជិត៧០០នាក់នៅទូទាំងប្រទេសដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះ ឬអ្នកជំងឺដែលជួបគ្រោះថ្នាក់ ឬមានជំងឺត្រូវការឈាមជាបន្ទាន់។


លោក លី ថៃ បានលើកឡើងថា៖«ការបរិច្ចាគឈាមនេះជាទង្វើមនុស្សធម៌ដ៏ប្រពៃ ហើយយើងអាចជួយសង្គ្រោះអាយុជីវិតជួយដល់អ្នករងគ្រោះ។ទន្ទឹមនឹងនេះក៏អាចធ្វើឱ្យសុខភាពយើងប្រសើរឡើងផងដែរ។ដោយសារយើងយល់ពីសារសំខាន់នេះហើយទើបមានអ្នកចូលរួមច្រើន»។

នេះជាលើកទី៨ហើយដែលធនាគារអេស៊ីលីដាបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានបុគ្គលិកចូលរួមបរិច្ចាគឈាមចំនួន៦៧០នាក់នៅទូទាំងប្រទេសក្នុងនោះនៅរាជធានីភ្នំពេញមាន២៣៥នាក់និងតាមបណ្តាខេត្ត៤៣៥នាក់ខណៈ៧លើកមុនមានអ្នកចូលរួមចំនួន១៧៨០នាក់។

លោកបានលើកទឹកចិត្តឱ្យមានការចូលរួមបរិច្ចាគឈាមនេះឱ្យបានច្រើនបន្ថែមទៀតនិងសូមថ្លែងអំណរគុណដល់សហការីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមដែលជាការងារសង្គម។

លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិឈាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃធនាគារអេស៊ីលីដាភីអិលស៊ី ដែលតែងតែបានរៀបចំបានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមកទទួលយកអំណោយឈាមដោយសប្បុរស ដើម្បីជួយជីវិតដល់ជនរងគ្រោះនិងសូមអរគុណចំពោះសកម្មភាពចូលរួមលើផ្នែកមនុស្សធម៌ ដើម្បីជួយជីវិតមនុស្ស ពិសេសអ្នកដែលត្រូវការឈាម នៅតាមគ្រប់មន្ទីរពេទ្យទាំងអស់។

លោកវេជ្ជបណ្ឌិតបានបន្តថាសកម្មភាពរបស់ធនាគារអេស៊ីលីដានេះគឺជាគំរូមួយដ៏ល្អដល់ស្ថាប័នដទៃទៀតក្នុងការរួមចំណែកជាមួយស្ថាប័នផ្តល់ឈាមមានឈាមគ្រប់គ្រាន់ជួយសង្គ្រោះជីវិតអ្នកជំងឺ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថាការចូលរួមរបស់អេស៊ីលីដានេះមានសារសំខាន់រកអ្វីកាត់ថ្លៃមិនបានទេក្រៅពីការជួយសង្គមក៏បានដឹងពីសុខភាពនិងជំងឺរបស់គាត់ដែរដូចជាជំងឺថ្លើមប្រភេទ បេ, សេ, ស្វាយនិងជំងឺអេដស៍និងជួយកាត់បន្ថយជំងឺមហារីកកាត់បន្ថយលើសជាតិដែកធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែងនិងជួយសម្រួលសុខភាពបេះដូងពិសេសមានមោទនភាពក្នុងការចូលរួមចំណែកជាមួយសង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ជួយសង្គ្រោះអាយុជីវិតមនុស្ស។

លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់វិស័យឯកជន និងសាធារណជនទូទៅ ពិសេសយុវវ័យ បន្តចូលរួមបង្កើនសកម្មភាពផ្តល់ឈាមឲ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ដោយសារបច្ចុប្បន្ននេះការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃមានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ខណៈការផ្តល់ឈាមដោយក្រុមគ្រួសារ និងសាច់ញាតិបងប្អូនរបស់អ្នកជំងឺមានរហូតដល់៨០ភាគរយឯណោះ៕