ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ នៅសាលប្រជុំធំនិងបរិវេណសាលាខេត្តកាលពីព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋបាលខេត្តបានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ។
លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកប្លែក វ៉ារីជាប្រធានក្រុមប្រឹក្សាខេត្តជាអធិបតីនិងវត្តមានកិត្តិយសពីមន្ត្រីសង្ឃ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភាលោកស្រី លោកថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជន យុវជនប្រមាណ១.០០០ អង្គ /នាក់ ។
ក្នុងកម្មវិធីនេះ ក៏មានការនិមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាព្រះរាជកុសល ថ្វាយសម្តេចព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានការដាក់កម្រងផ្កាតាមមន្ទីរ អង្គភាព ជុំវិញខេត្ត និងលែងសត្វព្រាប និងបង្ហោះប៉ឺតប៉ោង ជានិមិត្តរូបបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍផងដែរ ។
ចុងក្រោយ ប្រតិភូរដ្ឋបាលខេត្ត២ក្រុម គឺក្រុមទី១ ដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្ត,លោកអន ស៊ុ សមាជិកព្រឹទ្ធសភានិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា – ជប៉ុនមង្គលបូរីនៅស្រុកមង្គលបូរី និងក្រុមទី២ ដឹកនាំដោយលោកកែសួន សុភាព អភិបាលរងខេត្ត លោកប្លែក វ៉ារី ប្រធានក្រុមក្រុមប្រឹក្សាខេត្ត លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងមន្ត្រីចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅទីនោះ ៕