ព័ត៌មានជាតិ

ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ

សៀមរាប៖ ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមមន្រ្តីអាជ្ញាធរជាតិអប្សរា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគីប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។

(រូបភាព៖ ភោគ ជា, យី សុថា)

ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗ​នៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។ ទឹកដែលប្រមូលបានទាំងនេះមានបរិមាណជាង៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រមាណ៧ពាន់ហិកតា។ អ្នកជំនាញបញ្ជាក់ថា បរិមាណនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ។

(រូបភាព៖ ភោគ ជា, យី សុថា)

បើតាមការបញ្ជាក់ពីលោក ភឿន សុឃីម ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំ និងស្ដារប្រព័ន្ធទឹកបុរាណ​ក្នុងតំបន់រមណីយដ្ឋានអង្គរឡើងវិញចាប់ពីឆ្នាំ២០១២មក។ ជាងនេះទៅទៀត ក្រោមការគិតគូរដ៏វែងឆ្ងាយ និងភាពឈ្លាសវៃពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយយល់ពីសារសំខាន់ នៃការងារគ្រប់គ្រងទឹក ដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រងទឹកក្នុងតំបន់កាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាង នាឆ្នាំ២០២៤នេះ សំណង់ទ្វារទឹកមួយចំនួនត្រូវបានស្ដារ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ក្នុងបំណងដើម្បីធានាថា ការងារគ្រប់គ្រងទឹក​នឹងមានវិសាលភាព កាន់តែទូលំទូលាយ និងពេញលេញ ដើម្បីបំពេញតម្រូវការក្នុងតំបន់រមណីយដ្ឋានអង្គរ។

ចំពោះការប្រើប្រាស់ទឹកវិញ លោក ភឿន សុឃីម បញ្ជាក់ថា ទឹកមានសារសំខាន់​នៅតំបន់ប្រាសាទ​ដោយសារបុព្វបុរសសម័យមុនបានរៀបចំ និងកសាងប្រាសាទដោយមានគ្រឹះដីខ្សាច់ ដូច្នេះទើបកសាងកសិន្ធុជុំវិញដើម្បីបញ្ចូលទឹកឱ្យគ្រឹះរឹងមាំល្អ។ ប្រសិនគ្មានទឹក ប្រាសាទនឹងរងការដួលរលំ និងបាក់បែកខ្លាំង។ ក្រៅពីនេះ ទឹកក៏ជាបង្កើនសម្រស់ និងសោភ័ណភាពនៅតំបន់ប្រាសាទផង។ ទឹកក៏ជួយឱ្យដើមឈើលូតលាស់បានល្អ ទាក់ទាញទេសចរ ​និងជួយកាត់បន្ថយការកើនឡើងនៃរលកកម្ដៅខ្លាំងនារដូវប្រាំង៕

អត្ថបទ៖ នាង សំណាង

(រូបភាព៖ ភោគ ជា, យី សុថា)