សន្ដិសុខសង្គម

ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងតែត្រូវបានរថយន្តអគ្គិភ័យចេញអន្តរាគមន៍បាញ់ទឹកពន្លត់

ភ្នំពេញ ៖ ផ្ទះថ្មប្រក់ស័ង្កសីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ផ្អើលសមត្ថកិច្ចនិងពលរដ្ឋនាំគ្នាជួយ អន្តរាគមន៍ កាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៤ នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានធុំក្លិនឈ្ងៀមចេញពីផ្ទះកើតហេតុ ខណៈនោះប្រជាពលរដ្ឋបានស្រែកឆោឡោ ផ្អើលអ្នកនៅក្បែរនោះរត់ចេញមកមើល ។ ភ្លាមៗ ក៏ឃើញមានផ្សែងហុយ លាយអណ្តាតភ្លើង ឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាព្យាយាមយកទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ដែរ តែស្ថានភាពឆាបឆេះកាន់តែធ្ងន់ធ្ងរ ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យហៅរថយន្តពន្លត់អគ្គិភ័យដើម្បីអន្តរាគមន៍ បាញ់ពន្លត់ឲ្យទាន់ពេលវេលា ដើម្បីការពារកាលរាលដាលដល់ផ្ទះក្បែរខាងផងដែរ។


អគ្គិភ័យនេះដែរបានឆាបឆេះនូវផ្ទះថ្មប្រក់ស័ង្កសីចំនួន០១ខ្នងស្ទើរទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ ចំនួន០៥គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

ដោយ៖សហការី