ដោយ : បន្ទាយ
បន្ទាយមានជ័យ: សមត្ថកិច្ចបានបេីកការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចមានស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០១នាក់ ។ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃសុក្រទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។
សូមរំលឹកថា កាលពីម៉ោង១៤និង៤៥នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនិងកម្លាំងបានចេញស្រាវជ្រាវ និងអនុវត្តដីកាតុលាការ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតក ជាជនជាតិចិន ។
ជនសង្ស៏យមានឈ្មោះ ស៊ុន ជីជៀ (យ៉ាងយ៉ាង) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិននៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ជននេះស្ថិតក្នុងចំណោមបក្ខពួក០៣នាក់ទៀត ។
ព្រមទាំងចាប់យកវត្ថុតាង រថយន្ត ម៉ាកHyundai Staria ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ០១គ្រឿង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តកិច្ចស្រាវជ្រាវ ដោយសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដេីម្បីស្វែងរកបក្ខពួកចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសខេត្តបន្ទាយមានជ័យបានឱ្យដឹងថា :កាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងមក កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ទូច កញ្ញា (ហេង) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះ ស្ដីពីករណីបាត់ប្ដីជនជាតិចិនឈ្មោះ ជឹង ហ័រកាង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជននេះបានបាត់ខ្លួនកាលពីវេលាម៉ោង០៣និង០៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កន្លងមក នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2BA- 8553 ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមកនៅវេលាម៉ោង០១និង១០នាទីយប់ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនជីដូនមួយវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បន្តទៀតថា ក្រោយពីបានទទួលបណ្ដឹងកម្លាំងបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៥ និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរកឃើញរថយន្តរបស់ជនរងគ្រោះខាងលើ បានផ្លុងចោល និងបានដោះផ្លាកលេខចេញ ។
បន្ទាប់មកកម្លាំងបានធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខាងលេី ឃេីញមានរថយន្តចំនួន០១គ្រឿងម៉ាកHyundai Staria ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តជនរងគ្រោះខាងលើយកមកផ្លុងចោល ហើយបើកចេញបាត់តែម្តង។
ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានយករថយន្តខាងលើមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង០៦និង០០នាទី ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុចអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហើយកម្លាំងបានចុះទៅដល់កន្លែងកើតហេតុឃើញថា សាកសពនោះជាសពជនរងគ្រោះខាងលើ មានសភាពហើមជាំ និងមានចងភ្ជាប់ជាមួយដុំដែកចំនួន០២ដុំ ទម្ងន់២០គីឡូក្រាម។
ហើយកម្លាំងជំនាញបានបន្តបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួចឥឡូវឈានដល់ការកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅតុលាការ ៕