ពន្ធដារ

មន្រ្តីអគ្គនាយកដ្ឋានពន្ធដារពន្យល់ពីលក្ខខណ្ឌទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលរបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

អនុលោមតាមមាត្រា៩ ចំណុចខ នៃច្បាប់ស្តីពីសារពើពន្ធ ពន្ធលើប្រាក់ចំណូលត្រូវបានលើកលែងចំពោះប្រាក់ចំណូលរបស់៖
-អង្គការណាមួយដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាង សាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន
-សមាគមណាមួយ ក្នុងករណីដែលប្រាក់ចំណូលរបស់សមាគមនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុនឬរូបវន្តបុគ្គល។

លោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម

ខាងលើនេះជាការលើកឡើងដោយវាគ្មិនក្នុងកម្មវិធី ពន្ធដារកម្ពុជា ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page ) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ កាតព្វកិច្ចសារពើពន្ធរបស់អង្គការមិនមែនរដ្ឋាភិបាល រួមមានលោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងលោក ខែន គីម អនុប្រធានការិយាល័យនៃ នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ។

លោក ខែន គីម អនុប្រធានការិយាល័យនៃ នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ

ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារតាមទម្រង់ដែលបានកំណត់ និងត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃ ឯកសារដូចខាងក្រោម៖
– លក្ខន្តិកៈ និងលិខិតអនុញ្ញាតចុះបញ្ជីនៅក្រសួងមហាផ្ទៃសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ឬ
– អនុស្សរណៈ ជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។

(រូបឯកសារ)

សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានពន្ធដារអំពីការផ្លាស់ប្តូរលក្ខខណ្ឌខាងលើ ឬមានភស្តុតាងថាបានប្រព្រឹត្តអំពើរាំងស្ទះ ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា២២៥ នៃច្បាប់ស្តីពីសារពើពន្ធ៕
អត្ថបទ៖ ព្រឹត្តិបត្រព័ត៌មានពន្ធដារ