ភ្នំពេញ៖ បុរសម្នាក់សង្ស័យជិះម៉ូតូទាំងងោកមួយភាំងបានរេចង្កូតទៅចូលក្រោមរថយន្តកុងតឺន័រហើយក៏ត្រូវបានរថយន្តកិនស្លាប់មួយរំពេច កាលពីវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1G-4746 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ។ ចំណែករថយន្តកុងតឺន័រម៉ាកFUSOពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-1712 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូសង់ស៊េរី២០១៩ ពណ៌ខ្មៅក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម។លុះបានមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅផ្នែកខាងឆ្វេង ក៏រេចង្កូតទៅបុកជាមួយរថយន្តកុងតឺន័រចំហៀងខាងឆ្វេងបណ្ដាលឲ្យ រថយន្តកុងតឺន័រកិនជនរងគ្រោះ ធ្លា.យខួរស្លា.ប់ភ្លាមនៅកន្លែងកើតហេតុ។ ភ្លាមៗនោះអ្នកបើកបរបានបើកទ្វាររថយន្តកុងតឺន័រចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា៖ ខណៈគ្រោះថ្នាក់កើតឡើងរួចប្រជាពលរដ្ឋបានទាក់ទងទៅកម្លាំងសមត្ថកិច្ចដើម្បីចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗ រួចទាក់ទងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះមកទីតាំងកើតហេតុ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយ ចំណែកសពរង់ចាំសាច់ញាតិនិងក្រុមគ្រួសារទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕