ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមសម្រេចផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យគថ្លង់ចំនួន៧នាក់

ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសម្រេចផ្តល់អាហារូបករណ៍ នៃវិទ្យាល័យអប់រំពិសេស( គថ្លង់ ) ចំនួន ៧ នាក់ បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅតាមបណ្តាមហាវិទ្យាល័យក្នុងក្រុងកំពង់ចាម។ បើទោះជាពួកគាត់(សិស្ស)មិនបានប្រឡងជាប់និទ្ទេស A ក៏ដោយ ប៉ុន្តែបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ហើយជាជនងាយរងគ្រោះ។

ឯកឧត្តមបានសម្រេចបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សនិទ្ទេស A ចំនួន ២៧ នាក់នៅក្នុងក្រុងកំពង់ចាមនាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិថ្ងៃទី ៨ តុលា ២០២៤កន្លងទៅ ដែលពិធីនេះបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី ៤ វិច្ឆិកានេះ។

សូមបញ្ជាក់ថា  លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនមកប្រឡងចំនួន ៨.៦៩៣នាក់ បេក្ខជនប្រឡងជាប់ចំនួន ៦.៦១០នាក់ ស្មើនឹង ៧៦,០៤ភាគរយ។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១១៥ នាក់ ខណៈដែលបេក្ខជនប្រឡងជាប់និទ្ទេស A នៅទូទាំងប្រទេសមានចំនួន ២.២១៦នាក់ ។

ក្នុងនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់សិស្សប្រឡងជាប់និទ្ទេស A នៅក្នុងក្រុងកំពង់ចាមទាំង ២៧នាក់ ដោយម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង និង ថវិកាចំនួនមួយលានរៀល ព្រមទាំងផ្តល់ជូនសិស្សមានពិការភាព នៃវិទ្យាល័យអប់រំពិសេសដែល ប្រឡងជាប់បាក់ឌុបចំនួន ៧នាក់ ដោយម្នាក់ៗទទួលបានថវិកាពីរលានរៀល រួមទាំងអាហារូបករណ៍សម្រាប់សិក្សាបន្ត និងឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង ៦ ក្នុងក្រុងកំពង់ចាម ដោយក្នុងវិទ្យាល័យនីមួយៗទទួលបានថវិកាចំនួនមួយលានរៀល៕