ដោយ : បន្ទាយ
កំពង់ធំ ÷នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រជុំពង្រឹងតួនាទីភារកិច្ចយេនឌ័រ និងប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ព្រមទាំងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់នេះ ជូនយោធិននារីសម្រាកលំហែមាតុភាពចំនួន២ រូប ។

លោកស្រីអនុសេនីយ៍ទោ ឆាំ ឡាវង្ស ក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នដោយដឹងកាលពីថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៤ថា: យោងសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាព ។គឺដើម្បីថែបំប៉នសុខភាពក្រោយពេលសម្រាលបុត្ររួច រដ្ឋផ្តល់គោលរបបចំនួន៨០០.០០០រៀល/ម្នាក់ៗ ។
លោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងពន្យល់អំពីតួនាទីភារកិច្ចរបស់ការងារយេនឌ័រ និងរាយការណ៍អំពីសមាសភាពយោធិននារី ដែលត្រូវបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយលំហែមាតុភាព ដែលមានចំនួន២រូប គឺ:
ទី១-លោកស្រីពលបាលទោ ថេរ ស៊ីណែត នៅអង្ភភាពផ្នែកសឹករងស្ទោង និងទី២-លោកស្រីពលបាលត្រី ខុម សុខនី នៅអង្គភាពការិយាល័យទី ៥ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចនិងឯកឧត្តម បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងគិតគូរដោះស្រាយជីវភាព និងសុខុមាលភាព ជូនយោធិនគ្រប់ៗរូប ពិសេសយោធិននារី ដែលបានសម្រាកលំហែមាតុភាព ត្រូវបានទទួលប្រាក់គោលនយោបាយក្នុងការថែទាំសុខភាពមាតា និងទារក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ដើម្បីជួយសម្រួលដល់ការលំបាករបស់យោធិននារី ថ្នាក់ដឹកនាំអង្គភាពរួមជាមួយក្រុមយោធិនារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ២០០,០០០ បន្ថែមទៀត ៕
