ដោយ៖សហការី
ភ្នំពេញ៖ ស្ត្រីជាកម្មកររោងចក្រម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីដើរចេញពីផ្សារឆ្លងផ្លូវត្រូវម៉ូតូជិះមកលឿនបុកពេញទំហឹងបោកក្បាលនៅនឹងផ្លូវ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។ចំណែកឯបុរសម្ចាស់ម៉ូតូបង្កបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីវេលាម៉ោង៦:៣០នាទីយប់ ថ្ងៃទី០៣ខែវិច្ចិកា ឆ្នាំ២០២៤ នៅមុខផ្សារទួលពង្រ ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ យ៉ាង សំបាត ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ នៅ ភូមិ ត្រពាំង រំចេក សង្កាត់ចោមចៅ ទី ១ ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកោះសុទិន ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ស្រ្តីរងគ្រោះបានដើរចេញពីផ្សារទួលពង្រ រួចឆ្លងផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច។ ខណៈពេលកំពុងតែដើរឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានម៉ូតូបង្ក១គ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HB-0651 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកចំពាក់កណ្ដាលខ្លួនស្ត្រីរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។
ភ្លាមៗនោះពលរដ្ឋនៅក្បែរខាងក៏បាននាំគ្នារាយការណ៍ទៅក្រុមគ្រូពេទ្យប្រចាំបញ្ជា១១៩ ឲ្យរថយន្តសង្គ្រោះបន្ទាន់ចុះមកដល់ទីតាំងកើតហេតុ ក្រោយពីក្រុមគ្រូពេទ្យបានចុះមកដល់ពិនិត្យទៅលើស្ត្រីរងគ្រោះឃើញថាស្រ្តីខាងលើបានស្លាប់។ រីឯបុរសបើកម៉ូតូបង្កវិញបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងផងដែរ៕