សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តករណីហិង្សាដោយចេតនា

ដោយ : បន្ទាយ
បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីហិង្សាដោយចេតនាប្រព្រឹត្តនៅសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
បង្កដោយក្រុមក្មេងទំនើង០២ក្រុមប្រដាប់ដោយកាំបិត បានដេញកាប់គ្នាទៅវិញទៅមក។

ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យរហូតដល់វេលាម៉ោង០៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនបានចំនួន០២នាក់។

ជនសង្ស័យរួមមាន​​​៖ ១-ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ និង២-ឈ្មោះ ស៊ាត សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងមាន៖ ១.កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1Q-5238 ចំនួន០១គ្រឿង, ៣.ទូរសព្ទ ម៉ាកVIVO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។ចំណែកបក្ខពួក និងក្រុមម្ខាងទៀតដែលបានគេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថាបានធ្វេីសកម្មភាពវាយទៅលេីក្រុមម្ខាងទៀតពិតមែន ដោយសារតែពួកគេតែងតែឌឺដងដាក់ក្រុមរបស់ខ្លួន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្រាបករណីខាងលើនេះក៏ទទួលបានការ​អនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តផងដែរ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ៕