ដោយ៖កំចាយ
កំពត៖ ផ្អែកតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ គឺខេត្តកំពតទទួលបានមធ្យមភាគ៨៥,៣៥ភាគរយក្នុងចំណោមបេក្ខជន៥.១៦១នាក់។ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សិស្សឆ្នើមនិន្ទេសAបានចែករំលែកបទពិសោធដល់ប្អូនៗជំនាន់ក្រោយដើម្បីទទួលជោគជ័យសម្រាប់ជីវិតសិក្សា។
លោកស្រី គង់ សុភា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានរាយការណ៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២៥ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងកាលពីថ្ងៃទី១ ខែវិច្ឆិកាថា៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅខេត្តកំពតមានអ្នកជាប់ជាស្ថាពរ៤.៤០៥នាក់នៃបេក្ខជនចំនួន៥.១៦១នាក់។ ក្នុងនោះសិស្សដែលទទួលបាននិន្ទេសAមានចំនួន៧៨នាក់ ពោលគឺតិចជាងឆ្នាំមុន១៣នាក់។
ថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានណែនាំថា៖ លោកគ្រូ អ្នកគ្រូ គណៈកម្មការសាលា ព្រមទាំងមាតាបិតាត្រូវរួមគ្នាក្នុងការជំរុញគុណភាព និងលទ្ធផលសិក្សារបស់សិស្សឲ្យកាន់តែល្អប្រសើរថែមទៀត។ ចំណែកក្មួយៗក៏ត្រូវខិតខំរៀនសូត្រដោយខ្លួនឯងដើម្បីក្រេបយកចំណេះដឹង និងទទួលបាននិទ្ទេសល្អមុនបញ្ចប់ឆ្នាំសិក្សានីមួយៗ។
យុវជន លឹម លីហ៊ាង អតីតសិស្សវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងដែលទទួលបាននិន្ទេសAលំដាប់ពិន្ទុ៩៩,៩៦៩ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៤ បានចែករំលែកបទពិសោធថា៖ ដើម្បីសម្រេចបាននិទ្ទេសល្អ ប្អូនៗត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗមួយចំនួន ដូចជា កំណត់គោលដៅថាខ្លួនចង់បាននិទ្ទេសអ្វី?, រៀបចំផែនការរៀនសូត្រឲ្យបានច្បាស់លាស់, មានវិន័យសម្រាប់ខ្លួនឯង, ព្យាយាម ហើយផ្តោតជាចម្បងលើគោលដៅ ដោយមិនត្រូវធ្វេសប្រហែសលើប្រការណាមួយឡើយ៕