ព័ត៌មានជាតិ

កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការគឺការធ្វើទំនើបកម្មស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

ដោយ៖ គង់ហេង

កំពង់ចាម៖ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងដើម្បីឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការអនុវត្តដំណាក់កាលទី២ នៃកំណែទម្រង់នេះ នៅសល់ប្រមាណ ៦ ឆ្នាំទៀតនឹងត្រូវបញ្ចប់ហើយ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តនេះរយៈពេល ២ថ្ងៃ( ថ្ងៃទី ៣០-៣១ តុលា)កន្លងទៅ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍៖ ព្រឹត្តិការណ៍ថ្ងៃនេះដើម្បីធ្វើបច្ចុប្នន្នភាព ទំនើបកម្ម ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់យើងទាំងអស់គ្នាអនុវត្តជាក់ស្តែងនៅមូលដ្ឋាន។ជាធម្មតាការធ្វើកំណែទម្រង់ ឬការដាក់ចេញនូវគោលនយោបាយអ្វីមួយតែងតែមានការធ្វើបច្ចុប្បន្នភាព ឬទំនើបកម្ម រៀងរាល់បីឆ្នាំម្តង ឬរៀងរាល់មួយអាណត្តិម្តង របស់ក្រុមប្រឹក្សា ឬរបស់រាជរដ្ឋាភិបាល។ ដូច្នេះពីពេលអនុវត្តមកដល់ពេលបច្ចុប្បន្នពុំមានទេ ទើបមកដល់ពេលនេះនៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបហាបរវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញឱ្យមានអង្គវេទិកានេះ ក្នុងគោលបំណង គឺការធ្វើបច្ចុប្បន្នភាព ឬការធ្វើទំនើបកម្ម នូវកំណែទមម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ ហេតុនេះយើងត្រូវមើលការងារបន្ថែមសំខាន់ចំនួនពីរ ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំសង្កាត់ ទី១/ត្រូវមើលទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺរក្សាឱ្យបានសុខសន្តិភាព។ ដោយមើលទៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺពីមុនមាន ៩ ចំណុច ក្រោយមកបានធ្វើការកែសល់ ៧ ចំណុចវិញ។ នេះជាការធ្វើបច្ចុប្បន្នភាព ឬក៏ការធ្វើទំនើបកម្ម ដែលត្រូវបញ្ជូននូវសមាសភាពមួយចំនួន ដែលឆ្លើយតបនឹងតម្រូវការ ឬក៏បញ្ហារបស់ប្រជាពលរដ្ឋ។  ទី២/ ការផ្តល់សេវាសាធារណៈ ដែលបន្តពង្រឹងនូវការផ្តល់សេវា ដោយត្រូវមើលកន្លងមកសេវាដែលផ្តល់ឆ្លើយតបនឹងប្រជាពលរដ្ឋដែរឬទេ?ក្នុងនោះយើងបានធ្វើការអស់ឬទេ? ដោយមានទាំងថ្នាក់ខេត្ត ថ្នាក់ក្រុងស្រុក និងឃុំសង្កាត់។ ថ្នាក់ខេត្តមានអង្គភាពច្រកចេញតែមួយ,ថ្នាក់ក្រុងស្រុកមានការិយាល័យច្រកចេញចូលតែមួយ និងថ្នាក់ឃុំសង្កាត់យន្តការច្រកចេញចូលតែមួយ។ ការអនុវត្តបានរយៈពេល ១១ឆ្នាំហើយ( ចាប់ឆ្នាំ២០១០-២០២៤) តើការអនុវត្តបានយ៉ាងម៉េច ក្នុងកម្រិតណា? ហើយត្រូវសិក្សាមើលថា តើត្រូវបន្ថែមអ្វីទៀត? មានបញ្ហាអ្វីខ្លះ? នៅមានបញ្ហាប្រឈមអ្វីខ្លះ? បញ្ហាអ្វីខ្លះនៅដោះស្រាយមិនចេញ? ដោយមូលហេតុអ្វី? និងត្រូវមើលមុខសេវាបន្ថែម។

ឯកឧត្តមបានបន្ថែមថា៖ ជារួមការផ្ទេរមុខងារ ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានរៀបចំនាពេលនេះ ជាការរួមគ្នាក្នុងការធ្វើបច្ចុប្បន្នភាព កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ឬការធ្វើទំនើបកម្ម។ អ៊ីចឹងអង្គវេទិកាក្នុងពិធីនេះមានសារសំខាន់ណាស់ គឺក្រោយពីចូលរួមរបស់អង្គវេទិកា យើងធ្វើការបូកសរុប និងធ្វើការបកស្រាយ ដោះស្រាយទៅសំណូមពរ ឬសំណើមួយចំនួន ដែលលទ្ធភាពរបស់ខេត្តដោះស្រាយបាន ហើយបើសំណូមពរ សំណើមួយចំនួនដែលលើសសមត្ថភាពរបស់ខេត្ត រដ្ឋបាលខេត្តនឹងធ្វើការបូកសរុបហើយរាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្តថា៖ បន្ទាប់ពីនេះទៅ យើងនឹងមានការជួបជុំមួយទៀត ដែលដឹកនាំដោយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល អាចនៅក្នុងដើមឆ្នាំក្រោយ ២០២៥ សម្តេចនឹងដឹកនាំធ្វើអង្គវេទិកាដូចគ្នានេះ។ ដោយយកសំណើ សំណូមពររបស់យើងដែលជាការស្នើសុំនេះ។ ដើម្បីយកទៅធ្វើការដោះស្រាយ និងដាក់ចេញជាគោលនយោបាយ ជំរុញឱ្យបន្តអនុវត្តក្នុងដំណាក់កាលទី២ នៃកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដែលនៅសល់ប្រមាណ ៦ ឆ្នាំទៀតនឹងត្រូវបញ្ចប់ហើយ៕