ដោយ៖ កំចាយ
កំពត÷ ទោះបីរវល់ការងារយ៉ាងណាក្តីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)គ្រប់រូបមិនត្រូវឃ្លាតឆ្ងាយពីគ្នារហូតកើតជាអារម្មណ៍ «សក់នរណា ក្បាលអ្នកហ្នឹង» នោះឡើយ។ នេះជាការក្រើនរម្លឹករបស់លោកហ៊ុន ម៉ានី ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកស.ស.យ.កស្រុកទឹកឈូ នៅសហគមន៍នេសាទត្រពាំងសង្កែ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីនេះក៏មានការអមដំណើរដោយលោកសាយ សំអាល់ អនុប្រធាន ស.ស.យ.ក និងលោកម៉ៅ ធនិន អភិបាលខេត្តកំពតផងដែរ។
លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការធ្វើដំណើរមកជួបបងប្អូននៅស្រុកទឹកឈូដោយផ្ទាល់នាពេលនេះក្នុងបំណងសំខាន់គឺដើម្បីថ្លែងអំណរគុណដល់សមាជិក ស.ស.យ.កចំពោះកិច្ចការកន្លងមក។ ការចូលរួមចំណែករបស់សមាជិកទាំងអស់បានធ្វើឲ្យស.ស.យ.ករីកលូតលាស់ និងមានកិត្តិយសរហូតត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ថាជាក្រុមយុវជនដែលផ្សារភ្ជាប់ខ្លួនទៅនឹងសង្គម ហើយហ៊ានលះបង់ដើម្បីប្រទេសជាតិ។
លោកប្រធានបានបន្តថា ពិតណាស់ សមាជិកម្នាក់ៗសុទ្ធតែរវល់រៀងខ្លួន ដូចជា ប្អូនៗសិស្សានុសិស្សប្រើពេលវេលាសម្រាប់ការសិក្សា មន្ត្រីរាជការផ្តោតលើការទទួលខុសត្រូវតាមតួនាទី បងប្អូនបម្រើការក្រុមហ៊ុនត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិក ដែលជាហេតុធ្វើឲ្យសមាជិកស.ស.យ.កទាំងអស់មិនសូវបានជួបគ្នាទេ។ ប៉ុន្តែ ទោះជាបែបនេះក្តី ប្រធាន ស.ស.យ.ក គ្រប់ក្រុង-ស្រុកគួរលៃលកពេលវេលាដោយមិនត្រូវបណ្តោយឲ្យការឃ្លាតឆ្ងាយពីគ្នាអូសបន្លាយពេលយូរៗរហូតកើតជាអារម្មណ៍ដក់ជាប់ក្នុងចិត្តថា “សក់នរណា ក្បាលអ្នកហ្នឹង” នោះឡើយ។ លោកហ៊ុន ម៉ានីបានបញ្ជាក់ថា ចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀតពេលដ៏មមាញឹកដើម្បីជួយបម្រើការងារសង្គមជាតិតាមរយៈកម្មវិធីដែលបានរៀបចំឡើង។ បងប្អូនជាសមាជិកនឹងទទួលបានការលត់ដំសមត្ថភាព និងកិច្ចប្រឹងប្រែងរបស់ខ្លួន ក៏ដូចជាមានឱកាសរៀនសូត្រ ធ្វើការជាក្រុម ពិសេសធ្វើខ្លួនជាយុវជនគំរូ ហើយអាចណែនាំដល់យុវជនដទៃទៀតមកចូលរួមជាមួយ។
សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលនេះក៏មានបទបង្ហាញអំពីការធ្វើនំល្បីៗក្នុងតំបន់របស់សមាជិកស.ស.យ.កស្រុកទឹកឈូ ការរួមគ្នាបណ្តុះកូនកោងកាងជាង២.០០០ដើម និងដំណើរកម្សាន្តដោយជិះទូកក្នុងដែនសហគមន៍ត្រពាំងសង្កែដើម្បីគយគន់ការរៀបចំសហគមន៍ និងទេសភាពព្រៃកោងកាងដ៏ស្រស់បំព្រង៕