កម្សាន្ដ

ផ្សោតសម្បុរផ្កាឈូកមានវត្តមានក្នុងដែនសហគមន៍នេសាទព្រែកត្នោតប្រហែល៧០ក្បាល

ដោយ៖ កំចាយ

កំពត÷ ក្រុមការងារអភិរក្សសមុទ្រកម្ពុជា(MCC)បានស្រាវជ្រាវរកឃើញវត្តមានត្រីផ្សោតសម្បុរផ្កាឈូកប្រហែល៧០ក្បាលក្នុងដែនសហគមន៍នេសាទព្រែកត្នោត ក្រុងបូកគោ ខណ:ដែលផ្សោតប្រភេទក្បាលត្រឡោកមានប្រមាណជាង១០០ក្បាល។ អ្នកជំនាញបានបញ្ជាក់ថា ត្រីផ្សោតសម្បុរផ្កាឈូកមានលក្ខណ:ពិសេសខុសប្លែកពីផ្សោតប្រភេទក្បាលត្រឡោក។

កញ្ញា  ភាន់ សុភានី អ្នកជំនាញរបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) លើគម្រោងស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្របានរៀបរាប់ថា៖ បច្ចុប្បន្ន ត្រីផ្សោតនៅតំបន់សហគមន៍នេសាទព្រែកត្នោតមានជាង១៧០ក្បាល។ ក្នុងចំណោមនោះ ផ្សោតប្រភេទសម្បុរផ្កាឈូកប្រហែល៧០ក្បាល។ អ្នកជំនាញដដែលបានបញ្ជាក់ថា ការប្រែជាសម្បុរផ្កាឈូកដោយសារពពួកប្រភេទនេះឧស្សាហ៍ធ្វើចលនា ពិសេសការលោតផុតពីផ្ទៃទឹកញឹកញយជាងផ្សោតក្បាលត្រឡោក។ ព្រោះតែធ្វើចលនាយ៉ាងសកម្មបានបង្កឲ្យសរសៃឈាមក្រហមអណ្តែតឡើង គួបផ្សំនឹងការទទួលពន្លឺថ្ងៃច្រើនផងនោះទើបសម្បុរពួកវាប្រែក្លាយជាផ្កាឈូក។

កញ្ញា ភាន់ សុភានី បានបន្តថា សត្វផ្សោតសម្បុរផ្កាឈូកចាប់បង្កកំណើតនៅអាយុពី៩ឆ្នាំទៅ១០ឆ្នាំ។ ទម្រាំកើតកូន មេផ្សោតសម្បុរផ្កាឈូកពពោះរយៈ១២ខែហើយត្រូវបំបៅ និងបង្រៀនកូនឲ្យចេះចាប់ចំណីរយៈពេល៣ឆ្នាំទើបអាចបង្កកំណើតបន្តទៀត។ កូនផ្សោតប្រភេទនេះកើតមកភ្លាមមិនមែនមានសម្បុរផ្កាឈូកទេ។ មន្ត្រីជំនាញដដែលបានប្រាប់ឲ្យដឹងថា រយៈពេល២ឆ្នាំនៃការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណពីក្រុមការងារបានរកឃើញថាត្រីផ្សោតសម្បុរផ្កាឈូក និងផ្សោតក្បាលត្រឡោកត្រូវការដេកពេលយប់៨ម៉ោងដូចមនុស្សដោយប្រើខួរក្បាលឆ្លាស់គ្នា(ខួរក្បាលម្ខាងៗដេក៤ម៉ោង)។ ជាទូទៅ មេនិងកូនត្រីផ្សោតក៏មានមនោសញ្ចេតនា និងចេះឈឺចាប់ដូចមនុស្សដែរ។

តាមអ្នកជំនាញរបស់អង្គការ (MCC)បានសន្និដ្ឋានថា ឆ្នាំនេះចំនួនត្រីផ្សោតនៅសហគមន៍ព្រែកត្នោត ក៏ដូចជាក្នុងខេត្តកំពតទាំងមូលមានការកើនឡើងព្រោះក្រុមការងារបានប្រទះឃើញវត្តមានកូនផ្សោតជាច្រើនដង។ ផ្សោតនឹងនៅគង់វង្សប្រសិនបើមន្ត្រីជំនាញ អាជ្ញាធរ និងអង្គការដៃគូនានានៅតែបន្តជួយសហការចូលរួមអភិរក្សធនធានសមុទ្រ ដូចជា ថែរក្សាព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្មជាដើម។ បន្ថែមលើនេះ សមត្ថកិច្ចជំនាញក៏ត្រូវទប់ស្កាត់បទល្មើសនេសាទឲ្យបានជាអតិបរមាធ្វើយ៉ាងណាបញ្ចៀសការងាប់ ហើយចំនួននឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ៕