កម្សាន្ដ

ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា »

ដោយ :  បន្ទាយ

សៀមរាប៖ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈនិងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។ ព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យនៅប្រាសាទអង្គរវត្តនៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា » ។

នេះបើតាមលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤។

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ អាកាសធាតុដ៏ត្រជាក់ ហាក់ដូចជាប្រទានពីទេវតាសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា»បានប្រព្រឹត្តទៅដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក។

អាចនិយាយាបានថា នេះជាស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងសម្បត្តិវប្បធម៌កម្ពុជា ដែលមានន័យជាសញ្ញាបង្ហាញពីការពេញចិត្ត និងអំណរចិត្តនៅក្នុងសង្គមខ្មែរ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹមក្លាយជាសញ្ញានៃសន្តិភាព និងសាមគ្គីភាព។

«ស្នាមញញឹមនៃកម្ពុជា» កម្មវិធីនេះជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតីនៃកម្ពុជាដែលគួរឱ្យស្រលាញ់ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែមានន័យជាការអបអរសាទរនៅលើការសម្ដែងស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍន៍សហគមន៍ជាមួយគ្នា។

ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព និងជាតិនិយមក្នុងនាមជាប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ជាការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក ព្រមទាំងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ។

ក្នុងពិធីដង្ហែនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត សំដែងជាតួអង្គ ព្រះបាទ ជ័យវរ្ម័នទី៧  និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដើរតួសម្ដែងជា ព្រះនាងឥន្ទ្រទេវី ដែលជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះនាងថែមទាំងមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ឈ្លាសវៃក្នុងការសិក្សា ហើយនិងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះទៀតផង។

នៅខាងក្រៅបរិវេណប្រាង្គប្រាសាទអង្គរតូច មានមហាជនជាច្រើនបានឈររង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យកម្របានទស្សនានេះ យ៉ាងច្រើនកុះករ  ។

សូមបញ្ជាក់ថា «ស្នាមញញឹមនៃកម្ពុជា» ជាសកម្មភាពសង្គមដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹមដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា៕