សន្ដិសុខសង្គម

ប្ដឹងមេប៉ុស្ដិ័និងមនុស្ស៤នាក់ទៅសាលាដំបូងខេត្តរតនគិរីពាក់ព័ន្ធកាប់ឈើព្រៃអារក្សជនជាតិដើម

រតនគិរី៖ តំណាងសហគមន៍ ជនជាតិដើម ភាគតិច គ្រឹង ចំនួន៤នាក់ នៅឃុំតាអងកាតេ ស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹក ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ បានដាក់ពាក្យប្ដឹងមេប៉ុស្ដិ៍តាអងនិងមនុស្ស ៤នាក់ទៀត ទៅតុលាការ ខេត្តរតនគិរី ដោយចោទប្រកាន់ពីបទគុបគិតគ្នា និងដោះលែងអ្នកកាប់ឈើព្រៃអារក្ស។

ដើមបណ្ដឹង ទាំង៤នាក់នោះ មានឈ្មោះ ភា ឡៃចាំព្រី ,ឈ្មោះ ឌី ជួញ,ខាំ រំ និង សានី បូរី  រីឯអ្នកដែលត្រូវគេប្តឹងនោះ រួមមាន ទី១/  ឈ្មោះ លី ម៉ានី កុលស័ក្ដ ជាមេប៉ិស្ដិ៍ រដ្ឋបាលឃុំតាអង ទី២/ឈ្មោះ សាអួយ ប៉ង ភេទប្រុស អាយុ៤១ឆ្នាំ ទី៣/ឈ្មោះណាន សាលី ភេទប្រុស អាយុ២៥ឆ្នាំ ទី៤/ឈ្មោះកំ ភិតតាក់ ភេទប្រុស អាយុ៣៥ឆ្នាំ និងទី៥/ឈ្មោះណៃ អាវ៉ៃ ភេទប្រុសអាយុ២០ឆ្នាំ ពួកគេជាកសិករ មានទីលំនៅ ភូមិតាអងប៉ុក ស្រុកកូនមុំ និងនៅភូមិទុយ សង្កាត់កាចាញ​ ក្រុងបានលុងខេត្តរតនគិរី។

គួររំលឹកថា៖ កាលពីថ្ងៃទី១០ ខែកក្កដានិងថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ តំណាងសហគមន៍ បានឲ្យឈ្មោះសាអួយប៉ង ផ្ដិតមេដៃលើកិច្ចសន្យាចំនួនពីរដងរួចមកហើយ គឺមិនឲ្យឈ្មោះសា អួយប៉ង ដែលមានដីចម្ការនៅក្បែរព្រៃអារក្សនោះ គឺហាមរំកិលព្រំចូលដីព្រៃអារក្ស។ ប៉ុន្ដែរំលងបានតែបីថ្ងៃគឺនៅយប់ ថ្ងៃទី២១ឈានចូលថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ ដដែលនោះ ឈ្មោះ សាអួយ ប៉ង បានបញ្ជាឲ្យឈ្មោះ កំភិត តាក់ លួចដាក់ម៉ាស៊ីនត្រង់ស៊ីន័រ ចូលនៅពេលយប់លួចកាត់ដើមឈើធំៗក្នុងព្រៃអារក្ស ដួលអស់ជាង៦០ដើម ។

នៅយប់នោះ កម្លាំងសហគមន៍រួមនឹងសន្ដិសុខ ភូមិតាអងកាតេ ចំនួន៨នាក់បានទៅឃាត់ខ្លួនអ្នកកាប់ព្រៃអារក្សនិងបានដកហូតរណារយន្ដមួយគ្រឿង។ ខណ:ពេលនោះ ឈ្មោះកំភិត តាក់ បានប្រាប់ថា:ខ្លួនជាអ្នកស៊ីឈ្នួលឲ្យឈ្មោះសា អួយប៉ងទេ តែតំណាងសហគមន៍ បាននាំខ្លួនយកបុរសនោះទៅប្រគល់ ឲ្យប៉ូលិសប៉ុស្ដិ៍ឃុំតាអង ដើម្បីឲ្យជួយមានវិធានការតាមផ្លូវច្បាប់។

នៅព្រឹកថ្ងៃ ទី២២ ខែតុលា ដដែលនោះ បងប្អូនសហគមន៍ភូមិខាងលើ បានលើកគ្នាជិត២០០នាក់ទៅពិនិត្យស្ថានភាពព្រៃអារក្ស រួចនាំគ្នាទៅជួបមេប៉ុស្ដិ៍ ឃុំតាអង ដើម្បីសុំឲ្យដាក់ទោសទណ្ឌឲ្យធ្ងន់ ទៅលើបុគ្គល ឈ្មោះកំភិត តាក់ នោះ ព្រោះបុគ្គលនេះ និងសាអួយ ប៉ង បានបំពានកិច្ចសន្យាពីរដងមកហើយ។ ប៉ុន្ដែលោកមេប៉ុស្ដិ៍ ប្រាប់ថា: អ្នកកាប់ព្រៃអារក្សនោះ បានប្រគល់ទៅឲ្យមេឃុំ ព្រោះគាត់រវល់ទៅរៀនវគ្គ។ តំណាងសហគមន៍បានបន្ដទៅសួរមេឃុំតាអងទៀត តែមេឃុំបានប្រាប់ថា៖ បានដោះលែងគេទៅវិញបាត់ហើយ។

ករណីដោះលែងជននោះ បានធ្វើឲ្យប្រជាពលរដ្ឋ ចំនួន១៩២នាក់ ខឹងសម្បានិងកើតទុក្ខមិនសុខចិត្ដនោះទេ រួចនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ពួកគាត់បានដាក់ពាក្យប្ដឹងមេប៉ុស្តិ៍ តាអង និងមនុស្ស៤នាក់ មានឈ្មោះដូចខាងលើ ទៅអយ្យការ អមសាលាដំបូងខេត្តរតនគិរី ដើម្បីឲ្យជួយចាត់វិធានការតាមផ្លូវច្បាប់៕