ដោយ : បន្ទាយ
បន្ទាយមានជ័យ : ខេត្តបន្ទាយមានជ័យប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានដឹកនាំពិធីនោះ
និងមានការយាង និមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្តទាំង មន្ត្រីសង្ឃ ទាំង២គណ: មន្ត្រីរាជការស៊ីវិល កងកម្លាំងនិងមហាជនជាច្រើនបានចូលរួម ។
ក្នុងនោះ លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យបានឡើងអានជីវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលបង្ហាញថា:ថ្ងៃនេះជាខួបលើកទី២០ឆ្នាំ(ថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤-២០២៤ )នៃព្រះរាជពិធី នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សារាជសម្បត្តិបានជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ។
គឺក្រោយពេលដែលព្រះបរមរតនកោដ្ឋបានដាក់រាជ្យកាលពីថ្ងៃទី០៧ខែតុលា ឆ្នាំ២០០៤កន្លងមកនេះ។
លោកអ៊ុំ រាត្រី និងលោកប្លែក វ៉ារី បានអានសារលិខិតថ្វាយ ព្រះពរសពសារធុការ និងបានសម្តែងភក្ដីភាពកតញ្ញូធម៌ ដ៏ជ្រាលជ្រៅបំផុត និងបានលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបុណ្យ ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកនិងបារមីទេវតារក្សាស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ។
សូមបញ្ចាក់ថា ក្នុងរយៈពេល២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។
បន្ថែមលើនេះ ព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាលមួយចំនួន ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព ៕
