ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤ បានឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីនូវជនសង្ស័យ០៩នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
សូមរំលឹកថា នៅវេលាម៉ោ២១និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋស្ដីពីករណីហិង្សារវាងក្មេងស្ទាវចំនួនពីរក្រុមនៅចំណុចស្តង់ឣេតចាយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ឣូរឫស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា : ក្រោយពីកម្លាំងទទួលបានព័ត៌នេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៩នាក់ និងដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់ដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកទីបប្រវែង១៥៥សង់ទីម៉ែត្រ ចំនួន០១ដើម, ដំបងដែកថ្នាំងឣំពៅប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន០១ដើម និងដែកចង្រឹងបង្ឣួច ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យទាណ០៩នាក់ ១-ឈ្មោះ សុទ្ថ សឿង ហៅម៉េង ភេទប្រុស ឣាយុ១៨ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឫស្សី ២-ឈ្មោះ សាន គីមយ៉េង ហៅម៉េង ភេទប្រុស ឣាយុ២៣ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ៣-ឈ្មោះ កែវ ធារ៉ា ភេទប្រុស ឣាយុ១៨ឆ្នាំស្នាក់នៅភូមិឣូរឫស្សីសង្កាត់ឣូរឫស្សី , ៤-ឈ្មោះ គឹម ចាន់ដារ៉ា ហៅចាន់ ភេទប្រុស ឣាយុ២៤ឆ្នាំស្នាក់នៅ ៥- ឈ្មោះ កែវ ភារ: ហៅដេ ភេទប្រុស ឣាយុ១៨ឆ្នាំស្នាក់, ៦-ហែម សីហាក់ ភេទប្រុស ឣាយុ២៧ឆ្នាំ , ៧-ឈ្មោះ រិន រតនា ភេទប្រុស ឣាយុ១៧ឆ្នាំ , ៨-ឈ្មោះ ម៉ែត វិតតី ភេទប្រុស ឣាយុ២១ឆ្នាំស្នាក់ , និង៩-ឈ្មោះ យិន ប៊ុនថាត់ ហៅថាត់ ភេទប្រុស ឣាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឫស្សី។
ភូមិ និងសង្កាត់ខាងលើស្ថិតនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីម៉ោង២២ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែមានមនុសមួយក្រុមបានមករករឿងនិងបក្ខពួកខ្លួននៅស្តង់ឣេតចាយ ដោយពួកគេមានទាំងកាំបិត ដំបង ថែមទាំងគប់ដុំថ្មចូលក្នុងស្តង់ឣេតចាយផងដែរ។
ពេលនោះពួកខ្លួនក៏បានគប់ដុំថ្មតបតវិញ បង្កឱ្យកើតឣំពើហិង្សាវាយកាប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួសទាំងសងខាង ។
បន្ទាប់មកក្រុមនោះក៏បានរត់ចោលម៉ូតូ ពេលនោះពួកគេបានយកកាំបិតកាប់ម៉ូតូចំនួន០១កាំបិត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕