ដោយ : បន្ទាយ
បន្ទាយមានជ័យ : សមិទ្ធផលនានាដែលមានតម្លៃ១០លានបាតជាអំណោយរបស់សប្បុរសជនជនជាតិថៃនិងខ្មែរស្ថិតនៅវត្តបាលីលេយ្យស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ ក្រោមអធិបតីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
យោងគណ:កម្មការវត្តនិងអាជ្ញាធរក្រុងប៉ោយប៉ែតអោយដឹងថា: សមិទ្ធផលនានានោះកសាងពីដើមឆ្នាំ ហើយរួចរាល់នៅខែតុលាឆ្នាំ២០២៤ ដែលមាន: ១-ព្រះមេរុនិងឡបូជាសពថ្មី(ឈាបនដ្ឋាន) ១ខ្នងបំពាក់បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធអគ្គិសនីទំនើបសម្រាប់បូជាសព, ២- សាលពិសិដ្ឋ(សាលាតម្កល់សព) ៣-ផ្លូវបេតុងនិងទីធ្លា ៤- បន្ទប់ទឹកនិង៥-កែលម្អទេសភាពជុំវិញវត្តដើម្បីឧទ្ទិសថ្វាយ ប្រគេនដល់ប្រយោជន៍វត្ត។
សមិទ្ធផលទាំងនេះសម្រាប់បម្រើឲ្យការជូនដំណើរចុងក្រោយអ្នកជាទីស្រឡាញ់ទៅកាន់សុគតិភពក្នុងជំនឿពុទ្ធសាសនាត្រូវផ្តើមកសាងនិងឧបត្ថម្ភដោយ លោកសំប៊ូន សុខ ចាក់រើនកៃស៊ី (លោក លី បាក់ឡេង)និងភរិយាគឺលោកស្រីរ៉ាត់តាណាក់លី សុខចាក់រើនកៃស៊ី និងបងប្អូនលោកមានលោកលី បាក់តុង , លោកលី បាក់ហ៊ុយ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត បុគ្គលិក សប្បុរសជនទាំងឡាយនៃក្រុមហ៊ុនកាស៊ីណូផ្កាយ៥ឬStar Vegas និងកាស៊ីណូហ្កាឡាក់ស៊ី(Galaxy Casino) នៅក្រុងប៉ោយប៉ែត ព្រមទាំងបុត្រា បុត្រី និងសហការី រួមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តបាលិលេយ្យ។
សំណង់និងបរិធានបែបទំនើបនិងបច្ចេកទេសខ្ពស់បែបនេះនឹងជួយធ្វើឲ្យប្រសើរឡើងដល់កម្មវិធីបុណ្យឈាបនកិច្ច។
ព្រះតេជគុណជា សំបូរ ព្រះគ្រូចៅអធិការវត្តបាលីលេយ្យ ជាពិសេស លោកអ៊ុំ រាត្រី បានថ្លែងអំណគុណដល់លោកសំប៊ូន សុខ ចាក់រើនកៃស៊ី (លោក លី បាក់ឡេង) ភរិយា ក្រុមគ្រួសារ សាច់ញាតិ បុគ្គលិកនិងសប្បរជនជាតិខ្មែរ ជាតិថៃដែលបានផ្តួចផ្តើមនិងឧបត្ថម្ភនូវការកសាងសមិទ្ធផលដ៏មានសារ:សំខាន់និងដែលប្រាថ្នាចង់បានជាទីបំផុតទាំងនេះ ។
ក្នុងនោះទៀត សប្បុរសជនខាងលើក៏នឹងជួយចូលរួមចំណែកចូលសទ្ធាជ្រះថ្លាដើម្បីកសាងបង្ហើយព្រះវិហារដ៏ធំស្កឹមស្កៃមួយនេះ និងកែលម្អបរិវេណវត្តឲ្យមានសោភ័ណភាព និងកាន់តែសក្តិសមជាទីសក្ការ:បូជានៃវត្តដែលនណាៗក៏ស្គាល់តាំងពូយូរមកហើយនេះ។
ជាមួយគ្នានេះ ព្រះគ្រូចៅចៅអធិការវត្ត អាចារ្យ គណ:កម្មការ ពុទ្ធបរិស័ទ ក៏ដូចជា មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញធម្មការនិងកិច្ចសាសនាបានសុំបិណ្ឌបាត្រ/ស្នើសុំកូនចៅ សាច់ញាតិនៃបុព្វការីជនដែលសង់ចេតិយធំមួយ ដែលបច្ចុប្បន្នស្ថិតនៅស្ទើរកណ្តាលក្នុងបរិវេណវត្តមេត្តាអាណិតស្រឡាញ់និងអនុគ្រោះ ជួយរំកិលចេតិយនោះនៅទីកៀន ត្រង់កន្លែងណាមួយនិងក្នុងពេលវេលាសមស្របណាមួយផង៕