ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករបាំងថ្មការដ្ឋានបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ម្ចាស់រថយន្តសុំដោះស្រាយជាមួយម្ចាស់ការដ្ឋានភ្លាមៗដើម្បីបញ្ចប់រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសន្តិសុខការដ្ឋានម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ការដ្ឋានខាងលើរដ្ឋាករទឹកកំពុងស្ថាបនាប្រព័ន្ធនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ហើយបានដាក់របាំងថ្មនិងរបាំជ័រព្រមទាំងដាក់ប្រព័ន្ធភ្លើងត្រឹមត្រូវ ដើម្បីបញ្ចៀសចរាចរនៅតាមដងផ្លូវ ហើយបន្ទាប់មកក៏ស្រាប់តែឃើញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស មួយគ្រឿងបើកតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែជ្រុលទៅបុករបាំងថ្មនិងរបាំជ័រការដ្ឋានអូសប្រមាណជាង២០ម៉ែត្រ បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ ចំណែកខាងការដ្ឋានវិញរងការខូចខាតរាយប៉ាយពេញផ្លូវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗខាងម្ចាស់រថយន្តព្រមទាំងខាងម្ចាស់ការដ្ឋានបានសម្របសម្រួលគ្នាភ្លាមៗដោយម្ចាស់ការដ្ឋានចេញថ្លៃការខូចខាតទាំងស្រុងបញ្ចប់នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុ បន្ទាប់ពីការដោះស្រាយភ្លាមៗ ម្ចាស់រថយន្តបានចេញពីកន្លែងកើតហេតុភ្លាមៗរង់ចាំហៅរថយន្តដើម្បីស្ទូចយកទៅជួសជុលភ្លាមៗផងដែរ៕