សន្ដិសុខសង្គម

រថយន្តកុងតឺន័របុកម៉ូតូចំពេញទំហឹង មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរងរបួស

ភ្នំពេញ៖ រថយន្តកុងតឺន័របើកបុកម៉ូតូចំពេញទំហឹងអូសទាំងម៉ូតូជាច្រើនរយម៉ែត្របណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង២នាក់រងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ កែងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចស្តុបផ្សារដីហុយក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខបានបើកបរតាមបណ្តោយផ្លូវហាណូយ មកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យមនុស្សទាំង៣នាក់ខ្ទាតចេញពីម៉ូតូស្លាប់ម្នាក់និង២នាក់ទៀតរងរបួស ។

ចំណែករចយន្តកុងតឺន័រមិនព្រមឈប់ដោះស្រាយនោះទេ បានបន្តបើកទៅមុខទាំងម៉ូតូរបស់ជនរងគ្រោះនៅជាប់ផ្នែកខាងមុខបុកអូសជាច្រើនរយម៉ែត្រ  រហូតមានអ្នកឃើញហេតុការណ៍នាំគ្នាជិះម៉ូតូដេញតាម តែតាមមិនទាន់ ព្រោះរថយន្តបង្កបើកលឿនពេក ។

លុះអ្នកដេញតាមបន្តជិះតាមដល់ស្តុបឱកាសខ្ញុំក៏បានជួបស្ត្រីម្នាក់ដែលជាអ្នកអនាម័យបោសសម្អាតផ្លូវ បានរៀបរាប់ថារថយន្តកុងតីន័រ១គ្រឿងនោះបើកបម្រុងបុកទាំងគាត់ទៀត ឃើញបើកគេចតាមផ្លូវស្តុបឱកាសខ្ញុំទៅបាត់ហើយ រួមទាំងមានម៉ូតូ១គ្រឿងកិនអូសជាប់ទៅជាមួយថែមទៀត ។ បន្ទាប់មក ពលរដ្ឋដែលដេញតាមបានជិះទៅកន្លែងដែលរថយន្តនោះបើកគេចក៏បានឃើញម៉ូតូរបស់ជនរងគ្រោះនៅកណ្តាលផ្លូវ តែរថយន្តបង្កបានបើកគេចខ្លួនបាត់ទៅហើយ ទំនងជាតៃកុងរថយន្តឈប់រួចយកម៉ូតូនោះចេញហើយបន្តគេចខ្លួន។

សពបុរសដែលស្លាប់ត្រូវបានសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ និងធ្វើការទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរសរងគ្រោះ២នាក់ទៀត បានហៅកង់បីជិះទៅព្យាបាលរបួសដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កនិងតៃកុងរថយន្តយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕