ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទសម្រេចឲ្យធ្វើស្ពានដែកនៅអូរកាទឹងព្រោះងាយស្រួលជាងស្ពានបណ្ដែតទឹក

ដោយ ៖ សុវណ្ណ

រតនគិរី៖ ឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០៤ បានចុះទៅពិនិត្យស្ថានភាពទឹកអូរកាទឹង ដែលស្ថិតនៅចន្លោះស្រុកលំផាត់និងស្រុកកូនមុំ ខេត្តរតនគិរីនោះ រួចបានសន្យាថានឹងធ្វើជាស្ពានដែក(បាឡេ) ដើម្បីសម្រួលជូនប្រជាពលរដ្ឋនៅទីនោះ បានប្រើប្រាស់ជាបណ្ដោះអាសន្ន។

ស្ពានដែកអូរកាទឹងនោះនឹងចាប់ផ្ដើមធ្វើជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ដែលមានប្រវែង៣៦ម៉ែត្រ និងទទឹង៤ម៉ែត្រ ក្បាលស្ពានសងខាងចាក់គ្រឹះពីបេតុង ។ ស្ពាននោះខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីជាអ្នកទទួលធ្វើទាំងស្រុង។

ក្រោយទទួលបានព័ត៌មានពីឯកឧត្ដមឆាយ ឫទ្ធីសែន រួច មេភូមិសាមខា និងមេភូមិនាងដី នៅស្រុកលំផាត់និងស្រុកកូនមុំ ដែលបាននាំប្រជាពលរដ្ឋច្រើនកុះករទៅចូលរួមទទួលរដ្ឋមន្ត្រីនោះ ពួកគេសុទ្ធតែមានទឹកមុខស្រស់ស្រាយ សប្បាយក្នុងចិត្តឥតឧបមា រួចងាកមកខ្សឹបខ្សៀវគ្នាថា: នេះជាប្រវត្ដិសាស្ត្រមួយដែលទើបនឹងកើតមានពិតប្រាកដនាសម័យតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែក នាយករដ្ឋមន្ត្រីនៃកម្ពុជា៕