ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង ព្រមទាំងបន្តរាលដាលទៅរោងចក្រមួយទៀតដែលនៅក្បែរនោះ ផ្អើលប្រជាពលរដ្ឋនាំគ្នាសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាំងកណ្តាលអធ្រាត្រ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយយ៉ាងខ្លាំងចេញពីបរិវេណខាងក្នុងរោងចក្រផលិតកាតុង លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែមានអណ្តាតភ្លើងក្រហមឆាបឆេះខ្លាំងឡើងៗបង្កការភ្ញាក់ផ្អើលដល់កម្មករដែលស្នាក់នៅក្នុងនោះនាំគ្នាជួយយកទឹក និងបំពង់ឧស្ម័នពន្លត់អគ្គិភ័យអន្តរាគមន៍ជាបណ្តោះអាសន្ន រួចរាយការណ៍ជូនសមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យតែម្តង។
បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងឆ្ពោះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ ព្រមទាំងសុំការសហការពីរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០បន្ថែមទៀត ដើម្បីទៅដល់គោលដៅឲ្យបានឆាប់រហ័ស។
បើទោះជាយ៉ាងណាករណីអគ្គិភ័យនេះនៅមិនទាន់រលត់ទាំងស្រុងនោះទេ ព្រោះរោងចក្រកាតុងបានឆាបឆេះរាលដាលដល់រោងចក្រផលិតសម្លៀកបំពាក់១ទៀតដែលស្ថិតនៅជាប់គ្នានោះបណ្តាលឲ្យប៉ះពាល់ប្រមាណ៣០ភាគរយ ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។
នៅក្នុងការអន្តរាគមន៍នេះមានការចូលរួមពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង និងបានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងបន្តរាលដាលទៅទីតាំងផ្សេងទៀត។ ចំពោះមូលហេតុនៃការឆាបឆេះនេះនិងទំហំនៃការខូចខាត មន្ត្រីជំនាញអគ្គិភ័យនិងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
