កម្សាន្ដ

ពិធីបុណ្យសមុទ្រនៅខេត្តកំពតនឹងមានភាពទាក់ទាញហើយអធឹកអធមជាងបណ្តាឆ្នាំមុន

ដោយ៖ កំចាយ

កំពត÷ ពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នឹងមានភាពទាក់ទាញ ហើយអធឹកអធមជាងបណ្តាឆ្នាំមុនៗ។ នេះជាការតាំងចិត្ត ហើយបានរំលេចឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយអភិបាលខេត្តកំពតក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ។

ក្នុងកិច្ចប្រជុំខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសមុទ្រទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការអនុវត្តការងារឲ្យបានល្អប្រសើរ ហើយទទួលជោគជ័យស្របតាមប្រធានបទដ៏សំខាន់គឺ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ពិសេសអាជ្ញាធរក្រុងដែលជាម្ចាស់កន្លែងប្រារព្ធពិធីត្រូវពិនិត្យ និងកែលម្អសោភ័ណភាពឲ្យបានល្អស្អាត ព្រមទាំងមានភាពទាក់ទាញដោយរៀបចំភ្លើងពណ៌លម្អតាមទីសាធារណៈ សួនច្បារសំខាន់ៗ។ ចំណែកប្រជាពលរដ្ឋក៏ត្រូវចូលរួមសម្អាតគេហដ្ឋាន ឬកន្លែងអាជីវកម្មរបស់ខ្លួន ខណៈដែលរដ្ឋបាលខេត្តបាន និងកំពុងតុបតែងភ្លើងពិដានដោយមានចងគោម ក៏ដូចជាភ្លើងចម្រុះពណ៌ចាប់ពីចំណុចគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយត្រើយខាងកើតរហូតដល់មុខសាលាខេត្តចម្ងាយ២គីឡូម៉ែត្រនោះ។ លោកអភិបាលខេត្តបានណែនាំថា មន្ត្រីមន្ទីរទេសចរណ៍ត្រូវចុះតាមដាន និងផ្សព្វផ្សាយដល់សេវាករទេសចរណ៍ទូទាំងខេត្តកុំឲ្យដំឡើងថ្លៃសេវា ហើយត្រូវបង្កើតលេខទូរសព្ទ Hotline ឬទំព័រហ្វេសប៊ុកដើម្បីទទួលព័ត៌មានពីភ្ញៀវទាំងមុនពេល អំឡុងពេល និងក្រោយពេលនៃពិធីបុណ្យ។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា សកម្មភាពសំខាន់ៗនៃពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដូចជា ការសម្តែងសិល្បៈ ប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងពិធីអុជកាំជ្រួចអបអរសាទរទៀត។ សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ។ ពិធីតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត។

បុណ្យសមុទ្រនឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ២០២៤៕