ព័ត៌មានជាតិ

ឱ្យមន្ទីរសិក្សាប្រព័ន្ធប្រឡាយក្នុងខេត្តចងក្រងជាប្រព័ន្ធស្រោចស្រពដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមចូរសិក្សាប្រព័ន្ធប្រឡាយ ប្រព័ន្ធធារាសាស្រ្តទាំងអស់ នៅក្នុងខេត្តកំពង់ចាម ដើម្បីធានាភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសបញ្ហាគ្រោះរាំងស្ងួត។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ់ៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានស្នើឡើងខាងលើ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ«ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារ ការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ប្រជាជន» ដែលពិធីនេះបានប្រព្រឹត្តទៅសាលាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី ២២ តុលា ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ ដើម្បីធានានូវចីរភាព ក្នុងការធន់នឹងបម្រែបម្រួលអាកាសធាតុ រដ្ឋបាលខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តសិក្សាប្រព័ន្ធ ប្រឡាយ ប្រព័ន្ធធារាសាស្រ្ត ទាំងអស់នៅក្នុងខេត្តកំពង់ចាម ដើម្បីស្តារឡើងវិញចំពោះប្រព័ន្ធធារាសាស្រ្តទាំងឡាយណាដែលគោករាក់ និងតាមដាននូវបណ្តាញ ប្រព័ន្ធទឹកឱ្យហូរពីកន្លែងមួយទៅកន្លែងមួយ ឱ្យមានភាពប្រទាក់ក្រឡា ពោលគឺការចងក្រងជាសៀវឃ្វីនូវប្រព័ន្ធធារាសាស្រ្ត ដើម្បីស្រោចស្រពដល់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋក្នុងខេត្ត។

ឯកឧត្តបានបន្តថា៖ ក្នុងនោះបង្កើតចេញជាប្រភពទឹកមកប្រព័ន្ធមេ ចេញពីប្រព័ន្ធមកប្រព័ន្ធអែប ហើយកន្លែងតូចៗធ្វើយ៉ាងណាឱ្យប្រជាកសិករបង្កបង្កើនផលបាន ដោយធានារយៈពេល នៃការស្តារឡើងវិញ។ ដោយបូករួមទាំងការជួសជុលជាប្រចាំ។ យើងធ្វើបែបនេះទើបទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ អាចជម្នះទៅនឹងបញ្ហាគ្រោះរាំងស្ងួត ហើយប្រឡាយនេះទៀតសោតក៏អាចបង្ហូរទឹកភ្លៀង និងរំដោះទឹកភ្លៀងបានដែរ៕