ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ មន្ត្រីថ្នាក់ដឹកនាំជំនាញនិងអាជ្ញាធរដែនដីកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ បានឡើងទៅពិនិត្យ វាយតម្លៃដំណាក់កាលមុន កម្មវិធីប្រគល់-ទទួលនិងសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលស្ថិតនៅលើចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អញ្ជើញដឹកនាំនិងចូលរួមមានលោកឃ្លោក នូយ អភិបាលរងខេត្ត លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកលី ណារ៉ា ,លោកស្តេហ្វិន បេឡី (Mr Stephen Bayley ) ជាទីប្រឹក្សាបច្ចេកទេស នៃក្រសួងសាធារណការនិងដឹកជញ្ជូន លោកហង្ស រិទ្ធីណែតដូណា ប្រធានគម្រោងនេះនៃក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង់, លោកខែម ពេជ្ររស្មី មន្ត្រីសាលាក្រុងសិរីសោភ័ណទទួលសម្របសម្រួលគម្រោង ។
គម្រោងនេះ អង្គភាពគ្រប់គ្រងដោយជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន ទឹប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុនRAMBOLL DANMARK សហការនឹងក្រុមហ៊ុនORIENTAL CONSULTANT GLOBAL Co.,Ltd ក្រុមហ៊ុនSCEនិងក្រុមហ៊ុនTANCONS(Cambodia) Co.,Ltd ។ ម៉ៅការសាងសង់ដោយក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង់។
គម្រោងនេះសាងសង់រយ:ពេល១៧ខែ ដែលផ្តើមសាងសង់ខែធ្នូឆ្នាំ២០២៣ បញ្ចប់គម្រោងខែឧសភាឆ្នាំ២០២៥ ប៉ុន្តែជាក់ស្តែងរួចរាល់នាថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ នេះហើយ។ឯការចំណាយថវិកា(+តម្លៃពន្ធ១០%)អស់ប្រមាណ ៦,៥លានដុល្លារអាមេរិកដែលជាឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។
លោកហង្ស រិទ្ធីណែតដូណា ប្រធានគម្រោងនេះនៃក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង់ដែលទទួលសិទ្ធិម៉ៅការសាងសង់បានឲ្យដឹងថា: លទ្ធភាពផ្ទុកគឺកន្លែងទុកដាក់សំរាមមាន២ រណ្តៅ ដែលរណ្តៅទី១ មានទំហំ៦២.២៤២ម៉ែត្រត្រីគុណ បាតរណ្តៅមានក្រាលកៅស៊ូHDPE ,Geotextile ប្រព័ន្ធប្រមូលទឹករងៃនិងរន្ធឧស្ម័ន្ធ(Gas Vent) ផ្ទុកសំរាមបាន៥១.៤១៤តោន និងរណ្តៅទី២ ទំហំ៨៧.៦៣០ម៉ែត្រីគុណ ផ្ទុកសំរាមបាន៨៤.០៦០តោន បាតរណ្តៅមានក្រាលដូចគ្នា។
ទីលានមាន២ទីតាំងជិតគ្នាដែលមានទំហំសរុប១១ហិកតា ដែលអាចប្រើប្រាស់បាន១៥ឆ្នាំសម្រាប់ពលរដ្ឋក្រុងសិរីសោភ័ណ១០៨.២៧២នាក់ ។
ផ្លូវចូលទីលានសង់ជាប្រភេទបេតុងអារមេប្រវែង១.៣៥០ម៉ែត្រ ។ផ្លូវក្នុងទីលានក៏ជាប្រភេទបេតុងអារមេ មាន៥ខ្សែ។មានរបងរៀបឥដ្ឋបូកបាយអនិងចម្រឹងដែក និងរបងសំណាញ់ដែក។
លោកហង្ស រិទ្ធីណែតដូណា អោយដឹងបន្តថា: ក្នុងនោះមានស្រះប្រព្រឹត្តកម្មចំនួន៣ ដែលបាតវាមានក្រាលកៅស៊ូដូចខាងលើ មានដាំរុក្ខជាតិចម្រោះទឹកនិងបំពាក់ម៉ាស៊ីនបូមទឹក។,មានអណ្តូងទឹកសម្រេច អណ្តូងទឹកប្រើសម្រាប់វាស់ស្ទង់និងពិនិត្យគុណភាពទឹកក្នុងដី។
មានប៉ុស្តិ៍យាម២កន្លែង មានអគារការិយាល័យ ,អគារបរិភោគអាហារនិងសម្រាករបស់បុគ្គលិកកម្ពស់២ជាន់ ចំនួន១កន្លែង។មានជញ្ជីងថ្លឹងរថយន្តផ្ទុកសំរាម ១កន្លែង ,អគាររោងជាង អគ្គិសនី មេកានិច កម្ពស់១ជាន់,។អគារផ្គត់ផ្គង់ ១ជាន់ ។អគារញែកសំរាម. កម្ពស់១ជាន់ ។មានកន្លែងលាងរថយន្ត១កន្លែង,មានប្រឡាយបេតុងអារមេ ក្នុងទីលានទុកដាក់សំរាមរួមនឹងរីហ្កា១ខ្សែ ។
មានប្រឡាយបេតុងអារមេក្នុងទីតាំងអគារប្រតិបត្តិការរួមទាំងរីហ្កា១ខ្សែ។សម្ភារស្តុកទុកសម្រាប់ធ្វើការលុបរណ្តៅនៅដំណាក់កាលចុងក្រោយរួមមានដីឥដ្ឋ បរិមាណ៦.៣៩៨ម៉ែត្រត្រីគុណ ថ្មក្រួសបរិមាណ៦.៣៩៨ម៉ែត្រត្រីគុណ។មានដាំដើមឈើក្នុងបរិវេណ,ស្លាកសញ្ញាគម្រោងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ។
មន្ត្រីដូចខាងលើបានវាយតម្លៃថា : ការអនុវត្តគម្រោងបានដំណើរការល្អ លឿនជាងផែនការនិងអនុវត្តបានតាមបទដ្ឋានបច្ចេកទេសដូចដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេទេសបានតាមដាន ត្រួតពិនិត្យលើក្រុមហ៊ុនម៉ៅការសាងសង់។
ក្នុងនោះលោកឃ្លោក នូយនិងលោកសុក ចាន់ថា បានលើកសំណើខ្លះអោយបំពេញបន្ថែម ។
ចំណែកទឹប្រឹក្សាបច្ចេកទេសទាំងផ្នែកកម្ពុជា ទាំងផ្នែកបរទេសបានអោយដឹងថា: ទីលានទុកដាក់សំរាមបែបនេះ បានអនុវត្តរួចហើយនៅខេត្តកំពង់ចាម កំពង់ធំ កំពត ស្ទឹងត្រែង ខេត្តព្រះសីហនុ និងពេលនេះខេត្តបន្ទាយមានជ័យ ។
គម្រោងបែបនេះក៏នឹងអនុវត្តនៅក្រុងប៉ោយប៉ែតជាទីដែលមានពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណជាង១០ម៉ឺមនាក់ផងដែរ ៕