សន្ដិសុខសង្គម

ទៅ​មើល​មង​ជាមួយគេធ្លាក់​រណ្តៅ​លង់​ទឹក​ស្លាប់​ភ្លាមៗ​

ភ្នំពេញ​៖​ បុរស​ម្នាក់​​បាន​ដើរ​ទៅ​មើល​មងជាមួយ​គេ​ក៏​ជ្រុល​​​ធ្លាក់​រណ្តៅ​ទឹក​ជ្រៅ​ ហើយត្រូវ​បាន​អ្នក​ស្គាល់​ជួយ​ស្រង់ដែរ​ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៤រសៀល​ថ្ងៃ​ទី​២៣ខែ​តុលា​ឆ្នាំ​២០២៤ ​នៅ​អូ​ជិត​វត្ត​ភ្នៀតសិម្ពលី​ ដែល​ស្ថិត​នៅ​ភូមិ​អង្គរ​ជ័យ​ សង្កាត់​ស្នោ​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ ។

សពមានឈ្មោះ​ ស្រួច​ ស្រស់​ ភេទ​ប្រុស​ អាយុ​៥៣ឆ្នាំ ​មុខរបរ​នៅ​ផ្ទះ​ រស់​នៅ​ភូមិ​កុលកោះ​ស្នារ សង្កាត់​ស្នោ​ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពត៌មាន​ពី​បុរស​ម្នាក់ឈ្មោះ​គង់​ សំអឿន​ ​ ដែល​ឃើញ​ហេតុ​ការណ៍​ បាន​និយាយប្រាប់​ថា​ នៅមុន​ពេល​កើ​តហេតុ​ ជន​រងគ្រោះ​បាន​មក​តាម​គាត់​ដើម្បី​ទៅ​មើល​មង​ ហើយ​ទីតាំង​ខាង​លើ​មាន​រណ្តៅ​ជ្រៅ​នៅ​ជិត​ផ្លូវ​ ​ខណៈ​ពេល​គាត់​កំពុង​ដើរ​មើលលមង​ ជន​រងគ្រោះ​បាន​ដើរចុះ​មើល ​ជា​មួយ​គាត់​ដែរ​ដោយ​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ​ប្រមាណ​ជាង​១០០ម៉ែត្រ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ម្ចាស់​កំពុង​ដើរមើល​ ចំណែក​ជន​រងគ្រោះ​ដើរ​ជិត​ដល់​រណ្តៅ​ជ្រៅ​នៅ​ជិត​ផ្លូវ​ទំនប់​ដែល​ទើប​ជីក​ថ្មី​ ក៏​ស្រាប់​តែ​បាត់​ជន​រងគ្រោះ​មិន​ឃើញ​។​គាត់​ខំ​ស្រែក​ហៅ​តែ​មិន​ឮ​ជនរងគ្រោះ​ឆ្លើយតប​  ហើយ​នៅ​ជិត​នោះ​​មាន​អ្នក​ដាក់​មង​នៅ​ក្បែរ​ដែរ​ តែ​ពេលសួរ​នាំ​ទៅ​គេថា​មិន​បាន​ឃើញជន​រងគ្រោះ​ ទើប​មាន​ការ​សង្ស័យ​បាន​នាំគ្នា​ដើរ​រក​មើល​ ហើយ​ក៏​ប្រទះ​ឃើញ​ជន​រងគ្រោះ​បាន​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ ក៏​នាំ​គ្នា​លើក​ជនរងគ្រោះ​ដាក់​លើផ្លូវ​ទំនប់​ដើម្បីធ្វើ​ចលនា តែ​ជា​អកុសល​ទោះ​ជួយ​សង្គ្រោះ​បឋម​យ៉ាង​ណា​ក៏​មិន​អាច​ជួយ​ជនរងគ្រោះ​បាន​ដែរ​ ។ភ្លាមៗនោះបាន​ទាក់ទង​ទៅ​សាច់​ញាតិ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​មក​ដល់​កន្លែង​កើត​ហេតុ​ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជា​បន្តបន្ទាប់​ ។

ប្រភព​ពត៌មាន​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ថា​ ជន​រង​គ្រោះ​​មាន​សតិ​មិន​ប្រក្រតី​ តែ​ង​តែ​មក​មើល​មង​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​គង់​ សំអឿន​   ខាង​លើ​ជាញឹកញាប់​ផង​ដែរ​ តែ​ធ្វើម្តេច​ព្រោះ​គាត់​ជាមនុស្ស​មាន​សតិ​មិន​ប្រក្រតី​ ។

បន្ទាប់​ពី​កម្លាំ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ ឃើញ​ហេតុការណ៍​ខាង​លើ​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​កោសលវិច័យ​រាជធានី​ភ្នំពេញ​ដើម្បីមក​ពិនិត្យ​សព​ខាង​លើ​ភ្លាម​ៗ​ ហើយ​ជំនាញ​បាន​បញ្ជាក់​ប្រាប់​ថា​ ជនរងគ្រោះ​ស្លាប់​ដោយ​សារ​លង់​ទឹក​ពិត​ប្រាកដ​មែន​ ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើ​លិខិត​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បីយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕