ព័ត៌មានជាតិ

គណៈប្រតិភូនគរបាលប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិនចូលឈ្វេងយល់ការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយ : បន្ទាយ

សៀមរាប៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ការអញ្ជើញមកនៃគណៈប្រតិភូប៉ូលិសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ។

ប្រតិភូអញ្ជើញមកជួបសម្តែងការគួរសមនិងទស្សនកិច្ចឈ្វេងយល់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត​សៀមរាប។

បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរបានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសាអាហាររួមគ្នា  ប្រកបដោយភាពរីករាយស្និទ្ធស្នាល ហើយកាន់តែពិសេសទៀតនោះ ក្រុមការងារអាវុធហត្ថខេត្តសៀមរាប បានជូនគណៈប្រតិភូដើរទស្សនាប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយៈនិងស្ញប់ស្ញែងបំផុតដែលជាកេរដំណែលអតីតមហាវីរក្សត្រ ក្សត្រ ក្សត្រី និងបុព្វបុរសខ្មែរ៕