ព័ត៌មានជាតិ

ផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ

ដោយ : បន្ទាយ

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤ ។

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារ សេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយទាហាននៃកងរាជអាវុធហត្ថចូលរួមចំនូន៨២នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងស្ថាប័នកងរាជអាវុធហត្ថ។

លោកក៏បានថ្លែងនូវការកោតសរសើរចំពោះអាវុធហត្ថដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានយ៉ាងល្អប្រសើរ។

ទន្ទឹមជាមួយគ្នានោះដែរលោកមេបញ្ជាការស្តីទី ក៏បានណែនាំបន្ថែមដល់អាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ ៖

១-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន, ២-ត្រូវគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស, ៣-ត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចឈរជើងនៅក្នុង ភូមិសាស្ត្រ ជាមួយអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសរួមគ្នាបង្ក្រាបបទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានដែលកើតមាន។

សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំនោះដែរក៏មានការបំពាក់ឋាន្តរស័ក្តិ ជូនអាវុធហត្ថចំនួន៤រូប រួមមាន៖ ថ្នាក់វរសេនីយ៍ត្រី ១ រូប, អនុសេនីយ៍ត្រី ចំនួន២ រូប និងព្រិន្ទបាលឯក ១រូប ។

ចំណែក ប័ណ្ណសរសើរចំនួន១៥រូប និងប្រគល់លិខិតសរសើរ ចំនួន១៦រូបផងដែរ៕