ដោយ៖ គង់ហេង
កំពង់ចាម៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងជួសជុលច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតក្នុងខេត្តកំពង់ចាម ដោយចាប់ផ្តើមចេញពីចំណុចច្រាំងរងគ្រោះ នៅ«វត្តមាន់ដប់» ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ មុនគេ។
នេះបើតាមការថ្លែងបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន» នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២២ តុលានេះ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងទៀតថា៖ សម្រាប់ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គបានធ្វើឲ្យច្រាំងបាក់អស់ប្រវែងជាង១១.០០០ ម៉ែត្រ ហើយស្រុកតាមដងទន្លេដែលរងគ្រោះប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទី១ ពិសេសឃុំពាមកោះស្នា គឺនៅសល់ប្រមាណ ២០ ម៉ែត្រទៀតច្រាំងបាក់ផ្ទះផ្នែកខាងក្រោយសម្តេចតេជោហើយ, ទី២ ច្រាំងទន្លេមុខវត្តបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់,ទី៣ ស្រុកស្រីសន្ធរ ចំណុចវត្តមាន់ដប់ បាក់ជិតដល់វត្តហើយ ,ទី៤ ព្រែកកុយ ឃុំស្តៅ ស្រុកកងមាស និងទី៥ នៅជិតដល់ផ្សារជីហែ ស្រុកកោះសូទិន៕