ដោយ : បន្ទាយ
ភ្នំពេញ ៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង០២យប់ ០២ថ្ងៃ ឆែកឆេរទីតាំងចំនួន ០៤ បានរកឃើញគ្រឿងញៀនចម្រុះជិត ១០០គីឡូក្រាម។
នេះក៏មានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថ្ងៃទី២០ខែតុលាថា : គិតត្រឹមថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤ ជំនាញបានធ្វើការបិទបញ្ចប់ការស៊ើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖ ឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់ (ប្រុស០៣ ស្រី០១) ពាក់ព័ន្ធគ្រឿងញៀន។
ក្នុងនោះចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះសរុប ១០០គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសម្បក) ។
ក្រោយពេលធ្វើតេស្តនិងដកសម្បកថង់រួច គ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ ៩ខាំ ៥៤.៥០ក្រាម ព្រមទាំងសម្ភារពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀត។
អាវុធហត្ថរាជធានីភ្នំពេញឲ្យដឹងបន្តថា៖ ជនសង្ស័យប្រុសស្រីជនជាតិចិនទាំង០៤នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕