ព័ត៌មានជាតិ

រដ្ឋមន្រ្តីប្រកាសឱ្យមន្រ្តីបច្ចេកទេសសិក្សាលទ្ធភាពក្នុងការស្តារនិងជួសជុលច្រាំងទន្លេមេគង្គនៅស្រុកស្រីសន្ធរឡើងវិញ

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យមន្រ្តីបច្ចេកទេសក្រសួងមួយនេះ សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ធ្វើការសិក្សាលទ្ធភាព ដើម្បីស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរនាពេលថ្មីកន្លងមកនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធាន និងឧតុនិយមបានបែបនេះ នៅឱកាសដែលឯកឧត្តម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១៩ តុលា បានដឹកនាំក្រុមការងារ មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យច្រាំងទន្លេមេគង្គដែលបានបាក់ចូលទន្លេអស់ប្រវែងប្រមាណ ៨០ ម៉ែត្រ និងទទឹងពី១៥-២០ ម៉ែត្រ ស្ថិតក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ហើយមួយកន្លែងទៀតជាប់ឃុំមានជ័យដែរ បានបាក់ស្រុតនៅចម្ងាយប្រហែល ២-៣ម៉ែត្រប៉ុណ្ណោះដល់ផ្លូវលេខ ៧០ B៕