ដោយ : បន្ទាយ
ប៉ៃលិន ៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ ។គិតត្រឹមម៉ោង ១២៖៤៧នាទីយប់ ឈានចូលថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤។
នេះបើតាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានឱ្យដឹងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែតុលា ។
សូមរំលឹកថា នៅល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ (ពីម្តុំម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច) មានភ្លៀង១មេយ៉ាងធំ បង្កជាគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ(ហក់ឡើងលឿនដូចផ្លេកបន្ទោរ រួចស្រកវិញ) ធ្វើឱ្យទឹកហូរជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ(ប្រមាណ១០០ប្លាយគ្រួសារ) នៅចំណុចលូដាច់នៃអូររអិល ផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឬតំបន់ច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ-បានប្រាកាត ខេត្តប៉ែលិន -ខេត្តច័ន្ទបូរី ។
លោកស្រីបានបន្តថា ក្រុមការងារបានចុះរៀបចំសម្អាតបរិស្ថាននិងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារប្រើប្រាស់ និងផ្តល់ស្បៀងអាហារនៅព្រឹកថ្ងៃទី១៩ខែតុលានេះ ។
ដោយយោងប្រតិបត្តិការរបស់ក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយ លោកស្រីបាន ស្រីមុំ អភិបាលខេត្តក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិនិងម៉ូតូបានអណ្តែតកួចហូរតាមទឹក សូមប្រញាប់មកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធបញ្ជាក់ជាម្ចាស់កម្មសិទ្ធិ ក្រុមការងាររដ្ឋបាលខេត្តនៅរង់ចាំពិនិត្យប្រគល់ជូនវិញចាប់ពីព្រឹកថ្ងៃទី១៩ខែតុលានេះ ។
សូមបញ្ជាក់ថា ម៉ូតូដែលក្រុមការងារសង្គ្រោះស្រង់ រកឃើញនិងរក្សាទុកជូនមានចំនួន៣៤គ្រឿង។ប៉ុន្តែនៅបាត់ម៉ូតូមួយចំនួននិងម៉ូតូកង់បី ២គ្រឿង ដែលក្រុមការងារកំពុងស្វែងរកបន្តទៀត ។ចំណែករថយន្តដែលស្ទូចដឹកឡាន១គ្រឿងក៏នឹងប្រគល់ជូនវិញដែរ។
សូមបញ្ជាក់ដែរថា ជំនន់ផ្លេកបន្ទោរនោះ ក៏បង្កជន់លិចតំបន់ច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ ភូមិផ្សារព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ែលិន -បានប្រាកាត ស្រុកពោងណាំរ៉នខេត្តច័ន្ទបូរី ប្រទេសថៃផងដែរ ៕