ភ្នំពេញ៖ ជនសង្ស័យលួចម៉ូតូដែលគេភ្ជាប់ប្រព័ន្ធជីភីអេសបានមួយថ្ងៃ ត្រូវបានក្រុមសាច់ញាតិ តាមឃាត់បានម្នាក់នៅខណ្ឌឫស្សីកែវ ហើយប្រគល់ឲ្យសមត្ថកិច្ចនិងតាមស្រាវជ្រាវឃាត់បានម្នាក់ទៀតនៅខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យ៉ែម ទី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងចិន ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិ ប៉ើសឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ម៉ូតូដែលជនសង្ស័យលួចកាច់ក នោះម៉ាកឌ្រីមសង់ស៊េរី២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ1K-3725 ។
ជនសង្ស័យទី១ឈ្មោះ ឆេង អ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យទី២ ឈ្មោះ ពេជ្រ វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ វេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ដោយជនរងគ្រោះដេកនៅបន្ទប់ជួលជាន់ទី៣ ដោយទុកម៉ូតូនៅខាងក្រោម មានរបងព័ទ្ធជុំវិញ មានម៉ូតូគេឯងជាច្រើនគ្រឿង ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កយកទៅបាត់ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ចំណែកជនរងគ្រោះដើររកមើលជាច្រើនម៉ោងតែរកមិនឃើញ ។ លុះបន្ទាប់មក ដោយម៉ូតូជនរងគ្រោះ បង់រំលោះហើយក្រុមហ៊ុនដាក់ប្រព័ន្ធជីភីអេស ជនរងគ្រោះបានទាក់ទងទៅក្រុមហ៊ុន ក៏ស្រាប់តែឃើញប្រព័ន្ធជីភីអេសលោតនៅម្តុំគីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ ដោយសាច់ញាតិជនរងគ្រោះទៅរកក៏ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ វុទ្ធី ហើយបាននាំទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់គីឡូម៉ែត្រលេខ៦ភ្លាមៗរួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ភ្លាមៗ ។ជនសង្ស័យម្នាក់ខាងលើបានសារភាពថាខ្លួនមិនបានប្រព្រឹត្តលួចកាច់កយកម៉ូតូនោះទេ គឺគាត់បានខ្ចីប្អូនថ្លៃរបស់ខ្លួន ថាមកលេងប្រពន្ធនៅខណ្ឌឫស្សីកែវ ទើបសមត្ថកិច្ចនាំជនសង្ស័យម្នាក់ឈ្មោះពេជ្រវុទ្ធី ដើម្បីទៅយកជនសង្ស័យម្នាក់ទៀតដែលប្រព្រឹត្ត ឃាត់នៅភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីដើម្បីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ភ្លាមៗ ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ឃាត់ខ្លួនហើយសួរនាំ ជនដែលប្រព្រឹត្តកាច់កម៉ូតូខាងលើ ឈ្មោះ ឆេង អ៊ី បានសារភាពថាខ្លួនពិតជាបានលួចកាច់កម៉ូតូខាងលើប្រាកដមែន។
ក្រោយមកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ខាងលើដើម្បីទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធីបន្ត ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ធ្វើលិខិតប្រគល់ឲ្យជនរងគ្រោះជាម្ចាស់ដើមវិញ៕
