ភ្នំពេញ៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ កើតឡើងនៅពេលដែលមានការផ្ទេកម្មសិទ្ធិ ដូចជាការដោះដូរ ការធ្វើអំណោយ ការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការទទួលកម្មសិទ្ធិតាមរយៈសាលដីកាតុលាការ ឬភាគច្រើនកើតឡើងតាមរយៈការទិញលក់ជាដើម។ ពន្ធនេះជាកាតព្វកិច្ចរបស់អ្នកទទួលកម្មសិទ្ធិ ដែលយើងអាចនិយាយសាមញ្ញថា “អ្នកទិញ” តាមអត្រា ៤% នៃតម្លៃទីផ្សាររបស់អចលនទ្រព្យ។
បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនពីមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬដីកាបញ្ជូនពីរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី (ពុំមានប័ណ្ណកម្មសិទ្ធិ) អ្នកជាប់ពន្ធមានរយៈពេល ៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ដោយត្រូវរៀបចំសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាប មករដ្ឋបាលសារពើពន្ធ ដូចមានរាយនាមលម្អិតក្នុងបញ្ជីឯកសារតម្រូវ (Checklist) ខាងក្រោម៖
- អចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ-ប្លង់រឹង)
- សំណុំឯកសារពីរដ្ឋបាលសុរិយោដី
- ដីការបញ្ជូនរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
- កំណត់បង្ហាញរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
- លិខិតលក់ផ្តាច់ (ករណីទិញលក់) ឬលិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម)
- សេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញ្ញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម)
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ឬប័ណ្ណសម្គាល់កម្មសិទ្ធិផ្សេងៗទៀត
- សលាកបត្រសម្រង់ប្លង់ជាក់ស្តែង (និយាមកា) និងរូបថតអចលនទ្រព្យ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព
- សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម)
- ទម្រង់បែបបទប្រមូលទិន្និន័យក្បាលដី (ករណីចុះបញ្ជីលើកដំបូង)
- សលាកបត្របង្រួមក្បាលដី ឬបំបែកក្បាលដី (ករណីបង្រួម ឬបំបែកក្បាលដី)
- សាលក្រម ឬសាលដីកា (ប្រសិនបើមាន)
- លិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី (ប្រសិនបើមាន)
- ព័ត៌មានក្បាលដី (ប្រសិនបើមាន)
- ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ
- ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02
- បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន)
- បណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
- លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
- កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
- លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណ)
- អចលនទ្រព្យមិនទាន់ចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ-ប្លង់ទន់)
- សំណុំឯកសារពីរដ្ឋបាលសុរិយោដី
- ដីការបញ្ជូនរបស់អាជ្ញាធរដែនដី
- លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី
- លិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម)
- លិខិតបញ្ជាក់ការធ្វើសន្តតិកម្ម ឬសេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម)
- គំនូសបង្ហាញទីតាំងអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (និយាមកា) និងរូបថតអចលនទ្រព្យ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព
- សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម)
- លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណរ)
- សាលក្រម ឬសាលដីការ (ប្រសិនបើមាន)
- ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ
- ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02
- បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន)
- បណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
- លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
- កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
គួរបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងករណីទិញលក់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ (មិនមែននីតិបុគ្គល) សំណុំឯកសារខាងលើនេះភាគច្រើនត្រូវបានកសាងនិងរៀបចំរួចរាល់ដោយរដ្ឋបាលសុរិយោដី ឬអាជ្ញាធរមានសមត្ថកិច្ច នៅពេលប្រជាពលរដ្ឋចាប់ផ្តើមស្នើសុំផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចនេះ អ្នកជាប់ពន្ធគ្រាន់តែយកសំណុំឯកសារដែលមានភ្ជាប់ជាមួយដីកាបញ្ជូនរបស់រដ្ឋបាលសុរិយោដី ឬរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ មកស្នើសុំបង់ពន្ធប្រថាប់ត្រា នៅរដ្ឋបាលសារពើពន្ធជាការស្រេច៕