ដោយ : បន្ទាយ
កំពង់ធំ៖ ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង រួមទាំងសម្ភារ និងលុយកាក់មួយចំនួនធំ។ ករណីនេះនៅម៉ោងប្រមាណ១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា : ម្ចាស់ផ្ទះមានឈ្មោះ សាយ ឆេងហ៊ី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ សម្ភារខូចខាតរួមមានផ្ទះ០១ខ្នង ទំហំ ៥ម៉ែត្រx១២.៥០ម៉ែត្រ (ធ្វើពីឈើប្រក់ស័ង្កសី), លុយខ្មែរ ៩០០.០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនធំ ។ករណីនេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
គួរបញ្ជាក់ថា ក្នុងពេលកើតហេតុកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកស្ទោងចំនួន០៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការស្រុក រួមទាំងប្រជាពលរដ្ឋចេញសហការជួយពន្លត់អគ្គិភ័យនោះផងដែរ តែជាអកុសលភ្លើងឆេះខ្លាំងពេកទើបសង្គ្រោះពុំបាន៕