ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ស្ត្រីជាម្ដាយបានឳបនិងស្រែកទ្រហោយំសោកបោកខ្លួនចំពោះសពកូនប្រុសពៅដែលត្រូវបានកូនប្រុសច្បងជាបងបង្កើតម្នាក់ទៀតបានវាយសម្លាប់នឹងចបជីកដងដែក។ឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិកើតហេតុ ត្រូវជាបងប្រុសបង្កើត ។ចំណែកជនរងគ្រោះឈ្មោះស្រង់ នេត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ ។
បើតាមបងស្រីបង្កើតរបស់ជនបង្កនិងជនរងគ្រោះបានប្រាប់ថា៖ មូលហេតុដែលបងប្រុសវាយសម្លាប់ប្អូនប្រុសបង្កើតនេះ មកពីប្អូនប្រុសបានធ្វើផ្ទះឲ្យម្តាយស្នាក់នៅ ព្រោះឪពុកបានស្លាប់ទៅ ម្តាយពុំមានលទ្ធភាព ។ប៉ុន្តែឈ្មោះ ស្រង់ សុវណ្ណ ជាបងបាននាំប្រពន្ធកូនមករស់នៅដែរជាមួយម្តាយទៅវិញ។មានរឿងឈ្លោះប្រកែកគ្នាធ្លាប់ប្រមាទរកសម្លាប់ប្អូនប្រុសពៅ ហើយបានប្តឹងផ្តល់នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងបានធ្វើកិច្ចសន្យាម្ដងទៅ២ដង។
ក្រោយពីយកចបជីកដែកសំពងក្បាលប្អូនប្រុសស្លាប់ហើយ ជនដៃដល់ដើរទៅប្រាប់ម្តាយដែលកំពុងទៅលេងផ្ទះអ្នក់ជិតខាង ហើយជនដៃដល់គេចខ្លួនបាត់ ចំណែកម្តាយស្រែកទ្រហោយំមកមើលសពកូននៅផ្ទះស្រែកឲ្យអ្នកជិតខាងជួយ។
ប្អូនពៅបានទៅលេងផ្ទះម្តាយឃើញបងប្រុសឈ្មោះ ស្រង់ សុវណ្ណ នាំប្រពន្ធកូនមករស់នៅផ្ទះដែលខ្លួនធ្វើទុកឲ្យម្តាយរស់នៅ ក៏មានការឈ្លោះប្រកែកគ្នា។
នៅពេលនោះ ម្តាយបានទៅលេងផ្ទះអ្នកជិតខាង។នៅពេលឈ្លោះគ្នា ត្រូវបានបងប្រុសចាក់សោមុខផ្ទះហើយយកចបជីកដែកវ៉ៃក្បាលពីក្រោយចំនួន៣ចបបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ហើយជនដៃដល់បានដើរទៅប្រាប់ម្តាយថាគេបានវ៉ៃសម្លាប់ប្អូននៅផ្ទះ រួចក៏គេចខ្លួនបាត់។
ភ្លាមៗគេឃើញកម្លាំងនគរបាលក្រុងសិរីសោភ័ណនិងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះពិនិត្យធ្វើកោសលវិច័យជនរងគ្រោះដែលមានស្លាកស្នាមក្បាលផ្នែកខាងក្រោយ៣កន្លែងជាករណីឃាតកម្ម។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕