សន្ដិសុខសង្គម

មន្ត្រីសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបង្ក្រាបគោយន្តដឹកឈើ៣គ្រឿង

ដោយ : បន្ទាយ

កំពង់ធំ៖ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានគោយន្តកន្ត្រៃបានដឹកឈើពីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងអាវុធហត្ថ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ស្ទាក់បង្ក្រាបកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា: ជាលទ្ធផលការបង្ក្រាបនេះឃាត់បានគោយន្តដឹកឈើចំនួន៣គ្រឿង ជាប្រភេទឈើស្រឡៅ ឈ្មួញដឹកពីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅលក់បន្តនៅខេត្តកំពង់ចាម។ ខណៈកម្លាំងសមត្ថកិច្ចចុះទៅដល់ក្រុមជនល្មើសមានការភិតភ័យនាំគ្នារត់ចោលគោយន្តកន្ត្រៃបាត់។

វត្ថុតាងគោយន្តកន្ត្រៃ៣គ្រឿងនិងឈើ សមត្ថកិច្ចយកមកថែរក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីបន្តនីតិវិធីច្បាប់រង់ចាំម្ចាស់ចូលដោះស្រាយនិងពិន័យតាមច្បាប់ ៕