ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ចុះពិនិត្យផ្ទៀងផ្ទាត់ចុះអក្សរសម្ងាត់និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប

ដោយ : បន្ទាយ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ។

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ(មុខវិជ្ជាប្រវត្តិវិទ្យា) ដោយក្នុងនោះមានលោក អ៊ឹម កុច គណៈមេប្រយោគទូទាំងប្រទេស មណ្ឌលកំណែវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ   លោកជំទាវ បណ្ឌិត ឃួន វិច្ឆិកា ប្រធានមណ្ឌលកំណែនិងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។

នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការរាប់ពិនិត្យ ផ្ទៀងផ្ទាត់ចុះអក្សរសម្ងាត់និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅបាក់ឌុបសម័យប្រឡង  ០៨ តុលា ២០២៤ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕