ដោយ ៖ បន្ទាយ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ០២រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៤ មានក្រុមអ្នកក្លាហានប្រដាប់ដោយកាំបិតផ្គាក់កាំបិតប៉័ងតោញញួរ ដំបងនិងខ្សែក្រវាត់មួយក្រុមបានធ្វើសកម្មភាពបម្រុងសម្រុកចូលវាយនិងកាប់ទៅលើបុគ្គលិកភោជនីយដ្ឋានម្លប់ស្នេហ៍ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែដោយបុគ្គលិកហាងមានគ្នាច្រើន ធ្វើឲ្យក្រុមអ្នកក្លាហានលេងគុនកាំបិតទាំងនោះគ្រាន់តែអុកឡុកនិងស្រែកឡូឡាខាងមុខហាង រួចក៏នាំគ្នាចេញវិញគេចខ្លួនបាត់អស់។
ក្រោយពីរងនូវការភិតភ័យ បុគ្គលិកហាងម្លប់ស្នេហ៍បានដាក់ពាក្យបណ្តឹងដល់កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ ឲ្យចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមនិងកាំបិតផ្គាក់ កាំបិតប៉័ងតោចំនួន០២ដើម យកមកមូលដ្ឋានខណ្ឌដើម្បីអនុវត្តតាមនីតិវិធី។
ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ រឹម ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ មន លីន ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ណន គីនីន ភេទប្រុស អាយុ១៦ឆ្នាំ។
ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃកើតហេតុ ពួកខ្លួននិងបក្ខពួកផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ខាងលើពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួនបានឮសំឡេងពីក្នុងហាងម្លប់ស្នេហ៍ថាពួកអាអត់ប្រយោជន៍ ភ្លាមនោះពួកខ្លួនស្មានតែជនរងគ្រោះថាឲ្យក្រុមខ្លួនក៏កើតចេញជាកំហឹងតែម្ដង។
ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕