ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង៖ ករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងក្នុងក្រុងបាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់សាកសួរស្រាវជ្រាវ និងត្រៀមបញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ឲ្យដឹងថា÷ ករណីហិង្សាកាប់ប្លន់យកម៉ូតូខាងលើ កម្លាំងនគរបាលជំនាញកំពុងបន្តការសាកសួរ និងត្រៀមនឹងបញ្ជូនទៅអនុវត្តទោសតាមនីតិវិធីនៅថ្ងៃរសៀល ឬនៅព្រឹកថ្ងៃទី១២តុលាស្អែកនេះ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបន្តថា៖ ក្រោមកិច្ចសហការរវាងកម្លាំងផែនជំនាញនគរបាលព្រហ្មទណ្ឌ នគរបាលក្រុងបាត់ដំបង និងជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងនោះ កម្លាំងបង្ក្រាបបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង័្សយដែលពាក់ព័ន្ធបានចំនួន ៦នាក់បន្តបន្ទាប់គ្នានាំមកសាកសួរស្រាវជ្រាវ ក្រោយក្រុមជនសង្ស័យកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ បានបង្កហិង្សាកាប់យកម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពីជនរងគ្រោះឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចនាំគ្នាគេចខ្លួន រហូតកម្លាំងនគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនបានចុងក្រោយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤នេះ។
ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងបង្ក្រាបដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ បាត់ដំបង ១AM-២៣៧១ ជារបស់ជនរងគ្រោះមកវិញ និងម៉ូតូមួយគ្រឿងម៉ាកហុងដា PCX របស់ក្រុមជនសង័្សយជិះធ្វើសកម្មភាព៕