ព័ត៌មានជាតិ

បេក្ខជនប្រលងបាក់ឌុបក្នុងខេត្តកំពតអនុវត្តរាល់បទប្បញ្ញត្តិរបស់ក្រសួងបានល្អប្រពៃ

ដោយ៖ កំចាយ

កំពត÷ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានអះអាងថា បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះអនុត្តរាល់បទប្បញ្ញត្តិដែលក្រសួងដាក់ចេញបានយ៉ាងល្អប្រពៃ។

លោក សូ ភារិទ្ធ ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានបញ្ជាក់ថា ដំណើរការនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃដំបូងនាព្រឹកថ្ងៃទី៨ ខែតុលានេះស្ថានភាពល្អ មានលក្ខណ:ប្រសើរទាំងក្នុង និងក្រៅមណ្ឌលប្រឡង។ គ្រប់បេក្ខជនទាំងអស់ពោរពេញដោយឥរិយាបថល្អប្រសើរទាំងការស្លៀកពាក់ ហើយមានភាពញញឹមរួសរាយរាក់ទាក់គ្រប់គ្នា។ លោកប្រធានស្តីទីបានបន្តថា ឆ្លងតាមការត្រួតពិនិត្យឆែកឆេរឃើញថាមិនមានបេក្ខជនណាម្នាក់លាក់សំណៅឯកសារ ឬយកឧបករណ៍ហាមឃាត់ដាក់តាមខ្លួនទឡើយ។ លោកសង្ឃឹមថា ឆ្នាំនេះសិស្សនឹងប្រលងជាប់ក្នុងលំដាប់ភាគរយខ្ពស់ ពិសេសកម្រិតនិទ្ទេសA អាចកើនជាងឆ្នាំ២០២៣។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញចូលបើកសោកេស និងកាត់ប្រអប់វិញ្ញាសាប្រលងនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានផ្តាំផ្ញើថា ក្មួយៗត្រូវផ្ចង់ស្មារតីឲ្យបានល្អដើម្បីបញ្ចេញសមត្ថភាពដែលខ្លួនមានតាមរយ:ការខិតខំសិក្សាអស់ពេល១២ឆ្នាំកន្លងមក។ លោកអភិបាលខេត្តបានបន្តថា ថ្នាក់ដឹកនាំនឹងរង់ចាំលើកទឹកចិត្តដោយផ្តល់ជារង្វាន់ផ្សេងៗសម្រាប់បេក្ខជនជ័យលាភីឆ្នើម។

សូមបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រលងចំនួន១០ ស្មើនឹង២១០បន្ទប់ ដែលមានបេក្ខជនសរុប៥.១៩៤នាក់ ស្រី ២៨២១នាក់។ ក្នុងនោះ ក្រុងកំពតមាន៤មណ្ឌល ស្រុកទឹកឈូចំនួន៣មណ្ឌល និងស្រុកអង្គរជ័យមាន៣មណ្ឌល៕