ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ មាស កក្កដា (វ៉ាង) ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើ ឈ្មោះ លាង ឡា (តាំងតោ) ភេទប្រុស អាយុប្រហែល២៤ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ស្តីពីករណីរំលោភលើទំនុកចិត្ត ។
ប្រព្រឹត្តកាលពីវេលាម៉ោង០១និង០០នាទី ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ បានធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ី ណូហ្គោដវើល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
គឺបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ :
១-ឈ្មោះ សុន វុធធឿន(តឿ) ភេទប្រុស, ២-ឈ្មោះ ឡា លាង (តាំងតោ,លាង ឡា) ភេទប្រុស ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ មួយគ្រឿង (របស់ជនរងគ្រោះ) នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមានទាំងពីរនាក់។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ ៕