ដោយ : ប.ជ័យ /
កំពង់ធំ ៖ពិធីបិទការប្រណាំងទូកផ្កាចារនៅវត្តករណីដើម ឃុំកំពង់ចិនត្បូង ក្នុងស្រុកស្ទោង បានធ្វើនារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ហើយ។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្ត គាំទ្រនិងអំពាវនាវប្រជាពលរដ្ឋម្វាស់ស្រុករក្សាទំនៀមទម្លាប់ប្រពៃណីអុំទូកឲ្យបានគង់វង្ស ដើម្បីរក្សាកេរដំណែលដូនតា ហើយអភិវឌ្ឍន៍វាអោយទៅរួមចំណែកទាក់ទាញភ្ញៀវទេសចរ។ដើម្បីរកចំណូលបង្កើនជីវភាពគ្រួសារ ។
បើតាមលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អោយដឹងថា:ការប្រណាំងទូកផ្កាចារនេះ មានតាំងពីយូរយារណាស់មកដែរ។ មកដល់ពេលបច្ចុបន្ននេះ ប្រជាពលរដ្ឋនៅក្នុងឃុំនានានៃស្រុកស្ទោងដែលនៅជាប់ស្ទឹង ជាប់ទឺកនិងជាប់ផ្ទៃបឹងទន្លេសាបត្រង់កន្លែងធំជាងគេនៅតែបន្តប្រពៃណីទំនៀមទម្លាប់ និងជំនឿនៃការរៀបចំពិធីបុណ្យអុំទូកផ្កាចារនៅថ្ងៃភ្ជុំបិណ្ឌ និងក្រោយថ្ងៃភ្ជុំបិណ្ឌ។
ជាក់ស្តែង ឆ្នាំ២០២៤ នេះ កម្មវិធីប្រណាំងទុកផ្កាចារមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែតុលា ។
ព្រះគ្រូចៅអធិការវត្ត អាចារ្យនិងចាស់ទុំអោយដឹងថា: ឈ្មោះថា ទូកផ្កាចារ តាមពិតជាទូកអុំធម្មតា គ្រាន់តែពិធីប្រណាំងសម្រាប់ភូមិសាស្ត្រមួយចំនួននៅស្រុកស្ទោង គេហៅដូច្នេះនិងមានលក្ខណ:សម្គាល់ខ្លះដូចជាចំណុះទូក(កីឡាករអុំ) ត្រូវតែងឬគូរមុខមាត់បែបកំប្លុកកំប្លែង ទាក់ទាញ ស្លៀកពាក់ព៌ណលេចធ្លោមានព៌ណក្រហម លឿង …ហើយក្បាលមានចងបូរក្រណាត់ក្រហមជាដើម ។
ហើយពេលហោមរោងចាប់ផ្តើមពិធី គេតែងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តីនិងមានជោគជ័យ។
សូមបញ្ជាក់ថា ក្នុងកម្មវិធីមានទូកចំនួន៤៧ទូក ។ទូកនីមួយៗទទួលបាននូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងទឹកប្រាក់២០ម៉ឺនរៀល ពីអភិបាលខេត្តកំពង់ធំ និងព្រះគ្រូចៅអធិការ គណៈកម្មការវត្តករណីដើម និងអភិបាលស្រុកស្ទោងផងដែរ។
នាឱកាសនោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរដល់កីឡាករ កីឡាការិនី ដែលមានអធ្យាស្រ័យគ្នាខ្ពស់ក្នុងការលេងកម្សាន្ត មានការទទួលខុសត្រូវប្រកបដោយមិត្តភាព សាមគ្គីភាព ក៏ដូចជាថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់ គួរឱ្យមានមោទកភាពក្រៃលែង។
និងបានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជនជិតឆ្ងាយ ធនាគារ មីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជននានា ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគដល់រដ្ឋបាលស្រុក ដើម្បីជាការឧបត្ថម្ភដល់កីឡាករ កីឡាការនី ដែលបានចូលរួមលេងកម្សាន្តសប្បាយក្នុងរយៈពេល៣ថ្ងៃនេះ ឱ្យកាន់តែវិសេសវិសាលថែមទៀតផង៕