ដោយ៖ កំពត
កំពត÷ ក្នុងបំណងជួយសម្រាលការលំបាកសម្រាប់ក្រុមគ្រួសារ រដ្ឋបាលស្រុកទឹកឈូនឹងផ្តល់កន្លែងស្នាក់ ព្រមទាំងម្ហូបអាហារចំពោះបេក្ខជនមានជីវភាពខ្វះខាតដែលត្រូវមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមមណ្ឌលក្នុងភូមិសាស្ត្ររបស់ខ្លួន។
ឯ
លោក អ៉ឹម ច័ន្ទសោធន អភិបាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូបានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញ និងណែនាំពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ អាជ្ញាធរស្រុក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូនឹងរៀបចំយុទ្ធនាការចែករំលែកក្តីស្រលាញ់ចំពោះបេក្ខជនដែលមានជីវភាពខ្វះខាតហើយត្រូវមកប្រលងតាមមណ្ឌលក្នុងភូមិសាស្ត្រស្រុកទឹកឈូ។ មិនខុសពីឆ្នាំមុនទេ បេក្ខជនទាំងអស់នឹងទទួលបានការមើលថែកង់ ម៉ូតូ និងអ្នកមកពីចម្ងាយដែលខ្វះខាត រដ្ឋបាលស្រុកនឹងផ្តល់អាហារថ្ងៃត្រង់ ទឹកបរិសុទ្ធ ព្រមទាំងការស្នាក់នៅផ្ទះសំណាក់មួយយប់ដោយឥតគិតថ្លៃ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ស្រុកទឹកឈូមានមណ្ឌលប្រលងចំនួន៣ គឺវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ វិទ្យាល័យហ៊ុនសែនត្រសេកកោង និងសាលាបឋមសិក្សាហ៊ុនសែនជុំក្រៀល៕